ស្ថានភាពជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ កំពុងជន់លិចតំបន់មួយចំនួនក្នុងខេត្ត
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងនៅព្រឹកថ្ងៃ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះថា ដោយសារតែទឹកជំនន់នៅស្រុកអារញ្ញ ខេត្តស្រះ កែវ ប្រទេសថៃ កំពុងហក់ឡើងខ្លាំងនោះអាចនឹងហូរមកបន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យឆាប់ៗនេះ ធ្វើឱ្យមានការជន់លិចតំបន់ជាច្រើនទៀតនោះ។

ឯកឧត្តមបានឱ្យដឹងទៀតថា នៅក្រុងប៉ោយប៉ែត បានជម្លៀសប្រជាពលរដ្ឋដែររស់នៅ តាមមាត់អូរព្រំដែនចំនួន ៩៧គ្រួសារ មកកាន់ទីទួលសុវត្ថិភាព។ ទឹកស្ទឹងមង្គលបូរី មានការហក់ឡើងជិតដល់កម្រិតប្រកាសអាសន្ន និងស្ទឹងសិរីសោភ័ណក៏មានការហក់ឡើង បណ្តាល ឱ្យប៉ះពាល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងមួយចំនួន។ រីឯនៅភូមិបឹងជង្រុក (តំបន់អភិវឌ្ឍន៍បឹងជង្រុក តេជោឈ្នះឈ្នះ) ឃុំពង្រ ស្រុកម៉ាឡៃ ទឹកបានលិចផ្ទះប្រជាពលរដ្ឋប្រមាណ ៨៧៣ខ្នង ដោយក្រុមការងារ និងកងកម្លាំងប្រដាប់អាវុធ បានរៀបចំទីទួលសុវត្ថិភាពរួចជាស្រេច និងត្រៀមជម្លៀសប្រជាពលរដ្ឋ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចល័តពីខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងឥឡូវនេះកំពុងប្រចាំការនៅខេត្តបន្ទាយមានជ័យ ដើម្បីតាមដានត្រួតពិនិត្យ និងដឹកនាំបញ្ជាកងកម្លាំង ត្រៀមសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះមហន្តរាយកើតឡើង។
លោក វណ្ណា សេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គិតមកទល់ថ្ងៃទី២២ ខែកញ្ញានេះ ដំណាំដំឡូងមី សរុបជាង ២ ៥០០ហិកតា បានរងផលប៉ះពាល់ និងខូចខាតជាង ១ ២០០ហិកតា ខណៈដំណាំស្រូវជាង ៤ ០០០ហិកតា បានរងផលប៉ះពាល់ ហើយអាចប្រឈមការខូចខាតប្រមាណជាង ១០០ហិកតា ប្រសិនបើទឹកនៅតែបន្តជន់លិចក្នុងរយៈពេលយូរលើសពី១០ថ្ងៃឡើងទៅនោះ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា អាកាសធាតុនៅតែអួអាប់ និង មានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម ដែលធ្វើឱ្យកម្ពស់ទឹកនៅតាមអូរព្រំដែន និងអាងស្តុកទឹកមួយចំនួន នៅក្នុងក្រុងប៉ោយប៉ែត បានបន្តជន់ឡើងលិចហៀរហូរលើដងផ្លូវ និងហូរចូលដល់លំនៅឋានពលរដ្ឋជាច្រើនគ្រួសារថែមទៀត ក្នុងតំបន់ទីប្រជុំជននៃទីក្រុងនេះ។ ទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ ជំនន់ទឹកភ្លៀងនៅមិនទាន់បង្កគ្រោះថ្នាក់ណាមួយដល់ជីវិតមនុស្ស និងសត្វនៅឡើយទេ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ថា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេសរហូតដល់ថ្ងៃទី២៨ ខែកញ្ញាខាងមុខនេះ និងអាចបង្កឱ្យមានជំនន់ទឹកភ្លៀងបន្ថែមទៀត នៅក្នុងតំបន់ទីទំនាបមួយចំនួនក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ៕










ប្រភព៖ ក្រសួងព័ត៌មាន