សម្តេចតេជោបញ្ជាក់ថា រកឃើញមានករណីឆ្លងកូវីដ-១៩ ចំនួន៤៥ករណីនៅវត្តចំពុះក្អែក និងតម្រូវឲ្យបិទវត្តភ្លាមៗ
នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចូនសារពិសេសពាក់ព័ន្ធការរកឃើញវិជ្ជមានវីរុសកូវីដ-១៩ នៅតាមទីវត្តអារាមមួយចំនួន ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ តាមរយៈសារសម្លេងនោះផងដែរ សម្តេចតេជោបានមានប្រសាសន៍ឲ្យដឹងថា បានរកឃើញមានការឆ្លងជំងឺកូវីដ-១៩ នៅវត្តចំពុះក្អែកចំនួន៤៥ករណី ហើយតម្រូវឲ្យបិទវត្តភ្លាមៗតែម្តង។

ក្នុងនោះផងដែរ សាលាខណ្ឌច្បារអំពៅ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញទៅកាន់បិណ្ឌទី១ ត្រូវនឹងថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្រញាប់ទៅធ្វើតេស្តសំណាក រកមេរោគកូវីដ-១៩ នៅទីតាំងមជ្ឈមណ្ឌលកោះពេជ្ រ(ក្រោយអគារស៊ីធីហលCity hall) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃចាប់ពីវេលាម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ១៧:០០រសៀល ។


រូបភាព៖ ហ្វេសប៊ុក Chea Nora