បច្ចេកវិទ្យា

ប្រទេសលីទុយអានីប្រាប់ពលរដ្ឋមិនឱ្យទិញ ឬត្រូវបោះបង់ចោលរាល់ស្មាតហ្វូនចិន ដោយសារវាមានមុខងារតាមដានអ្នកប្រើប្រាស់

BY
autoadmin
September 28, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ក្រសួងការពារជាតិរបស់ប្រទេសលីទុយអានី បានព្រមានពលរដ្ឋរបស់ខ្លួនឱ្យជៀសវាងការទិញទូរស័ព្ទដៃចិន ហើយសម្រាប់អ្នកដែលកំពុងប្រើប្រាស់ស្រាប់ គួរតែបោះទូរស័ព្ទទាំងអស់នោះចោល ដោយសារពួកគេបានរកឃើញថា ឧបករណ៍ទាំងនោះមានបំពាក់មុខងារតាមដាន និងចាប់យកព័ត៌មានពីអ្នកប្រើប្រាស់ (Censorship) ។ វាបានរកឃើញថា ស្មាតហ្វូនរបស់ក្រុមហ៊ុន Xiaomi បានបំពាក់មុខងារនោះ ហើយវានឹងបិទនូវរាល់ពាក្យដូចជា៖ «ដោះលែងទីបេ» «ឯករាជ្យភាពកោះតៃវ៉ាន់» និង«ចលនាប្រជាធិបតេយ្យ» ជាដើម។

មជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណេតរបស់ប្រទេសលីទុយអានីបាននិយាយថា ស្មាតហ្វូនម៉ូឌែល Mi 10T 5G របស់ក្រុមហ៊ុន Xiaomi ដែលលក់ទៅតំបន់អឺរ៉ុប បានបិទចោលនូវមុខងារចាប់សញ្ញានោះ ប៉ុន្តែកម្មវិធីតាមដាននោះ អាចនឹងបញ្ជាឱ្យដំណើរការពីចម្ងាយវិញបាន។ ស្មាតហ្វូននោះមានសមត្ថភាព encrypt ទិន្នន័យអ្នកប្រើប្រាស់ ហើយស្តុកវានៅក្នុង server នៅឯសិង្ហបុរី។ ពោលគឺមុខងារទាំងនោះមាននៅក្នុង system របស់ស្មាតហ្វូនស្រាប់ បូករួមទាំង browser អ៊ីនធឺណេត។ សម្រាប់ការចោទប្រកាន់នេះដែរ ក្រុមហ៊ុន Xiaomi មិនបានធ្វើការបំភ្លឺទៅកាន់សារព័ត៌មាន រ៉យទ័រ នោះទេ។

ជម្រាបដែរថា ភាពល្អក់កករវាងប្រទេសចិន និងប្រទេសលីទុយអានី បានរីកលូតលាស់ខ្លាំងនាពេលថ្មីៗនេះ។ ជាក់ស្ដែងប្រទេសចិន បានទាមទារឱ្យឯកអគ្គរដ្ឋទូតរបស់ប្រទេសលីទុយអានី ត្រូវតែដកខ្លួនចេញពីទីក្រុងប៉េកាំង ហើយពួកគេក៏នឹងហៅបេសកជនរបស់ខ្លួនត្រឡប់មកពីរដ្ឋធានី Vilnius ដូចគ្នា បន្ទាប់ពីកោះតៃវ៉ាន់បានប្រកាសពីបេសកកម្មរបស់ខ្លួននៅប្រទេសលីទុយអានី ហើយហៅវាថាជា «ការិយាល័យតំណាងតៃវ៉ាន់»។ បញ្ហាសុវត្ថិភាពមួយក៏ត្រូវបានរកឃើញលើ P40 របស់ Huawei ផងដែរ ប៉ុន្តែសម្រាប់ OnePlus គឺមិនត្រូវបានរកឃើញបញ្ហាណាមួយឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: