ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កុំចេះតែញ៉ាំតាមគេ! មុនសម្រេចចិត្តញ៉ាំប្រទាលបាតដៃមកដឹងចំណុចទាំងនេះសិន ដើម្បីដឹងថា មួយណាញ៉ាំកើត មួយណាញ៉ាំមិនកើត

    BY Khmernote Media September 29, 2021
    កុំចេះតែញ៉ាំតាមគេ! មុនសម្រេចចិត្តញ៉ាំប្រទាលបាតដៃមកដឹងចំណុចទាំងនេះសិន ដើម្បីដឹងថា មួយណាញ៉ាំកើត មួយណាញ៉ាំមិនកើត

    កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាទទួលទានដើមដំបងយក្សរាងសំប៉ែតឬដែលយើងស្គាល់ថាជាប្រទាលបាតដៃនោះ ដែលដំបងយក្សបាតដៃជារុក្ខជាតិស្ថិតក្នុងប្រភេទដំបងយក្ស មានប្រភពដើមនៅទ្វីបអាមេរិក ហើយបន្តដុះហូរហៀរមកដល់ទ្វីបអាស៊ី។

    យោងតាមគណនីហ្វេសប៊ុក បុរាណាចារ្យ បានឲ្យដឹងថា ប្រភេទដំបងយក្សបាតដៃ ដែលគេនិយមបរិភោគ មានឈ្មោះថា Opuntia ficus-indica ជារុក្ខជាតិហូបផ្លែ នាំចេញយ៉ាងសំខាន់របស់ប្រទេសមិកស៊ិកកូ និងប្រទេសឈីលី ដោយមានលក្ខណៈពិសេសអាចបរិភោគបានទាំងផ្លែ រហូតដល់សន្លឹក។ ផ្លែរបស់វាមានរសជាតិស្រដៀងនឹងផ្លែស្រការនាគដែរ មានទាំងរសជាតិជូរ និងផ្អែម។

    ដំបងយក្សបាតដៃ មួយប្រភេទទៀតដែលច្រើនដុះនៅស្រុកខ្មែរ មានឈ្មោះថា Opuntia cochenillifera មានរូបរាងដូចគ្នាបេះបិទនឹង Opuntia ficus-indicaដែរ ប៉ុន្តែមិនត្រូវបានរាប់ជាប្រភេទហូបផ្លែទេ។ គេច្រើនយកមកធ្វើថ្នាំ ឬយកសម្រាប់ចិញ្ចឹមសត្វល្អិតជាដើម ប្រហែលជាដោយសារកត្តារសជាតិ ឬក៏ដោយកម្រឹតជាតិពុលនៅក្នុងផ្លែជាដើម។ យ៉ាងណាមិញក៏មិនទាន់មានការស្រាវជ្រាវជាក់លាក់ណាមួយពីដំបងយក្សសំប៉ែតប្រភេទនេះដែរ ថាតើអាចបរិភោគដោយមានសុវត្ថិភាពឬទេ។ ហេតុដូចនេះមុននឹងយើងទៅបេះដំបងយក្សបាតដៃ ពីគៀនផ្ទះមកបរិភោគ យើងត្រូវធ្វើបំណែងចែកអោយច្បាស់ ថាមួយណាជាប្រភេទបរិភោគកើត មួយណាបរិភោគមិនកើត។ ឬគួរតែមានមន្ត្រីពាក់ព័ន្ធណាមួយចេញមកបកស្រាយអោយប្រជាពលរដ្ឋបានដឹងពីរឿងទាំងនេះ។ កន្លងមកនេះខ្ញុំឃើញអ្នកខ្លះច្រលំរហូតទៅដល់បរិភោគដំបងយក្សធំៗឆ្លងប្រភេទទៀត ដែលជារឿងគ្រោះថ្នាក់បំផុត ព្រោះយើងមិនដឹងថា ដំបងយក្សណាខ្លះបរិភោគបាន ដំបងយក្សណាខ្លះពុលនោះទេ។

    ខាងក្រោមនេះជាបំណែកចែកខ្លះៗពីដំបងយក្សទាំង២ប្រភេទខាងលើ៖

    + Opuntia cochenillifera មានដើមកម្ពស់ពី៣ ទៅ ៤ម៉ែត្រ សន្លឹកមានទំហំ២០សង់ទីម៉ែត្រ ផ្កាមិនរីកទេតែមានកញ្ចុំកេសរលូតមកក្រៅ ឯផ្លែមានប្រវែង៣ទៅ៥សង់ទីម៉ែត្រ ទៅទំហំ២.៥ទៅ៥សង់ទីម៉ែត្រ មិននិយមបរិភោគ ផ្លែខ្ចីអាចយកស្ងោរធ្វើជាអន្លក់បាន ប៉ុន្តែភាគច្រើនគេប្រើប្រាស់ជាឱសថ។

    + Opuntia ficus-indica វិញមានកម្ពស់រហូតដល់៥ម៉ែត្រ មានសន្លឹកធំ ប្រវែងពី៣០ទៅ៤០សង់ទីម៉ែត្រ ទំហំពី១៨ទី២៥សង់ទីម៉ែត្រ ផ្ការីកមាន៣ពណ៌ ស លឿង ក្រហម ឯផ្លែមានទំហំធំដូចគ្នា គឺមានប្រវែងរហូតដល់១០សង់ទីម៉ែត្រ និងទំហំ៩សង់ទីម៉ែត្រ។ ទាំងសន្លឹកនិងផ្លែសុទ្ធសឹងតែប្រើប្រាស់ជាអាហារបរិភោគបាន។

    ប្រភព៖ ហ្វេសប៊ុក បុរាណាចារ្យ

    Share This Post: