ក្រុមហ៊ុន Samsung កំពុងបន្ថែមមុខងារ Digital Car Key ដល់ស្មាតហ្វូនរបស់ខ្លួន ហើយនឹងចាប់ផ្ដើមពីប្រទេសកូរ៉េខាងត្បូងមុនគេ
បច្ចេកវិទ្យា October 1, 2021 lyda

យោងតាមការចុះផ្សាយរបស់ The Verge បានរាយការណ៍ថា Samsung កំពុងចាប់ផ្តើមបន្ថែមការគាំទ្រលើមុខងារ Digital Key ហើយមុខងារនេះនឹងត្រូវបានដាក់ឱ្យប្រើប្រាស់នៅប្រទេសកូរ៉េខាងត្បូងមុនគេ ខណៈរថយន្តដំបូងដែលអាចប្រើប្រាស់ជាមួយនឹងមុខងារនេះបាន គឺរថយន្តអគ្គីសនី Genesis GV60 ។ ស្មាតហ្វូនដែលមានគាំទ្រ UWB និង NFC ដូចជា Galaxy S21 Plus និង Ultra, Note 20 Ultra និង Galaxy Z Fold 2 និង 3 នឹងអាចដំណើរការ Digital Car Key នេះបាន ដូច្នេះអ្នកអាចដោះសោ និងចាក់សោរឡានរបស់អ្នក ដោយមិនចាំបាច់ទាញទូរស័ព្ទចេញពីកាបូប ឬហោប៉ៅនោះទេ។ អ្នកប្រើប្រាស់ក៏នឹងអាចបញ្ឆេះរថយន្ត និងធ្វើការកែតម្រូវកញ្ចក់ កៅអី និងអ្វីៗជាច្រើនទៀត។

មុខងារ Digital Car Key មួយនេះ គឺមាននៅក្នុង Samsung Pass និងការពារដោយ embedded Secure Element (eSE) ហើយយោងតាមក្រុមហ៊ុន Samsung វាបាននិយាយថា មុខងារនេះគឺអាចចែករំលែកជាមួយប្រព័ន្ធប្រតិបត្តិការ Android 11 បាន ដែលមានន័យថា ស្មាតហ្វូន Galaxy ដែលដើរដោយ Android 11 គឺអាចសប្បាយជាមួយមុខងារនេះ។ ក្រុមហ៊ុន Samsung ក៏មានភាពជាដៃគូជាមួយ Audi, BMW និង Ford ផងដែរ ហើយគេសង្ឃឹមថា មុខងារនេះនឹងអាចដំណើរការជាមួយរថយន្តប្រភេទទាំងនេះបាននៅពេលបន្ទាប់ទៀត។ ជម្រាបផងដែរថា Samsung ប្រើបច្ចេកវិទ្យា UWB និង NFC សម្រាប់មុខងារសំខាន់ ២ នៅលើទូរស័ព្ទរបស់ខ្លួន៖ Digital Car Key មួយនេះ និងការស្វែងរករបស់របរជាមួយ Galaxy SmartTag ដែលវាបានប្រកាសកាលពីខែមករា៕