ក្រសួងអប់រំ កំណត់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងធ្វើនៅថ្ងៃទី២៧ ខែធ្នូ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡាបានចេញសចេក្ដី សម្រេចចុងក្រោយកំណត់យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាផ្លូវការ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិត្រូវរំកិលកាលបរិច្ឆេទទៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយរៀបចំតាមទម្រង់ដូចឆ្នាំកន្លងមក។
ឯកឧត្តម រស់ សុវាចា បានសង្កត់ធ្ងន់ថា «ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព»។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាក៏បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅរក្សាកាលបរិច្ឆេទដដែលគឺថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ចំណែកឯបវេសនកាលឆ្នាំ២០២១-២០២២ចាប់ផ្ដើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២៕
ប្រភព៖ ក្រសួងព័ត៌មាន