ក្រសួងសុខាភិបាល ហាមឃាត់គណនីហ្វេសប៊ុក ដែលកំពុងផ្សព្វផ្សាយលក់ឱសថសម្រាប់ប្រឆាំងវីរុសកូវីដ-១៩ MOLAZ គ្មានប្រភពច្បាស់លាស់
រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយ លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គណនីបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ៖ ១.Nuon Sreyleak, ២.My Healty My Life, ៣.Pharmacy Cambodia, ៤.សិប្បកម្មអាល់កុលម៉ាក់ សមិទ្ធិផលខ្មែរ SK ៥.Chhun Pha, គណនីបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនទៀត និងឱសថស្ថានមួយចំនួន កំពុងលក់ឱសថសម្រាប់ប្រឆាំងវីរុសកូវីដ-១៩ ឈ្មោះ MOLAZ (Molnupiravir Capsules 200mg)គ្មានប្រភពច្បាស់លាស់។

ក្រសួងសុខាភិបាលសូមជម្រាបសាធារណជនជ្រាបថា ក្រសួងសុខាភិបាល បានផ្ដល់នូវវិញ្ញាបនបត្រអនុញ្ញាឲ្យប្រើប្រាស់ឱសថ Molnupiravir ក្នុងលក្ខខណ្ឌបន្ទាន់ ដែលយោងតាមវិញ្ញាបនបត្រនេះ គឺក្រុមហ៊ុន អាចស្នើសុំនាំចូលឱសថ ប្រភេទនេះមកចែកចាយស្របតាមច្បាប់ដែលមានជាធរមាន។ ម្យ៉ាងទៀតយោងតាមការសិក្សាស្រាវជ្រាវឱសថនេះត្រូវប្រើប្រាស់ក្រោមការត្រួតពិនិត្យ និងតាមដានពីគ្រូពេទ្យជំនាញតែប៉ុណ្ណោះ។ ចំពោះការប្រើប្រាស់មិនបានត្រឹមត្រូវ អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ផ្សេងៗផងដែរ ក៏ដូចជាអាចបណ្ដាលឲ្យមានភាពស៊ាំនៃឱសថនេះទៅនឹងមេរោគទៀតផង។
ក្រសួងសុខាភិបាលសូមជម្រាបជូនថា រហូតដល់បច្ចុប្បន្ននេះ ពុំទាន់មានក្រុមហ៊ុនណាមួយ ស្នើសុំនាំចូលឱសថនេះមកចែកចាយនៅឡើយ ប៉ុន្តែមានគណនីបណ្ដាញសង្គមខាងលើ និងឱសថស្ថានមួយចំនួនបានឆ្លៀតឱកាសនេះ យ៉ាងអាណាធិបតេយ្យ ដើម្បីតែផងប្រយោជន៍ផ្ទាល់ខ្លួន។
ដើម្បីជៀសវាងការខាត់បង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមអំពាវនាវប្រពលរដ្ឋទាំងអស់ មិនត្រូវទិញឱសថដែលគ្មានប្រភពច្បាស់លាស់នេះទៅប្រើប្រាស់ឡើយ ព្រោះឱសថដែលគ្មានប្រភពច្បាស់លាស់ មិនអាចធានាបាននូវគុណភាព និងប្រសិទ្ធភាពបានឡើយ ព្រមទាំងអាចជាឱសថក្លែងក្លាយ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរទៀតផង។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីបណ្ដាញសង្គមហ្វេស ប៊ុកខាងលើ និងជនពាក់ព័ន្ធ ដែលកំពុងចែកចាយ ឬលក់ឱសថខុសច្បាប់ខាងលើទៅតាមច្បាប់វិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន។ ក្រសួងសុខភិបាល សូមឲ្យអាជ្ញាធរពាក់ព័ន្ធជួយសហគ្រាសស្រាវជ្រាវរកម្ចាស់គណនីបណ្ដាញខាងលើ និងជនពាក់ព័ន្ធដទៃទៀត មកផ្ដន្ទាទោសតាមច្បាប់ជាធរមាន ៕



