ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន៖ អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ចំណាយថវិកាប្រមាណជាង៦០លានដុល្លារ

    BY Khmernote Media November 8, 2021
    សម្ដេចតេជោ ហ៊ុន សែន៖ អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ចំណាយថវិកាប្រមាណជាង៦០លានដុល្លារ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អគារទីស្តីការក្រសួងមហាផ្ទៃថ្មីបានចំណាយថវិកាសាងសង់ប្រមាណជាង ៦០លានដុល្លារ ដែលនឹងធ្វើពិធីចុះបឋមសិលាសាងសង់នៅទីតាំងចាស់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

    ក្នុងពិធីបើកសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “នេះហើយដែលហៅថា ការរស់នៅតាមរបៀបថ្មីក្នុងបរិបទកូវីដ ឬការរស់ជាប្រក្រតីតាមគន្លងថ្មី។ ពីសាលដាក់បានជាង២ពាន់ យើងដាក់បានមនុស្សតែ៥០០នាក់ប៉ុណ្ណោះ។ កូវីដ១៩ អាចបំផ្លាញយើងបាន ប៉ុន្តែមិនអាចទប់ស្កាត់នូវដំណើរឈានរបស់យើងបានឡើយ”។

    សម្តេចតេជោបានលើកឡើងថា ក្នុងឆ្នាំនេះមានក្រសួងចំនួន៣បានដាក់សម្ពោធឱ្យដំណើរដូចជា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងដែលនឹងត្រូវសម្ពោធខួបលើកទី២៣ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នោះ គឺក្រសួងការពារជាតិ។

    សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា បើតាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានឱ្យដឹងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ នឹងធ្វើពិធីបញ្ចុះបឋមសិក្សាធ្វើក្រសួងមហាផ្ទៃថ្មី ដែលចំណាយថវិកាអស់ ប្រមាណជាង៦០លានដុល្លារ។

    សម្តេចតេជោបានបញ្ជាក់ទៀតថា “យើងមានថវិការួចទៅហើយ ដើម្បីសាងសង់ពីព្រោះដល់ពេលដែលយើងត្រូវមានកន្លែងធ្វើការ។ ចំណុចនេះ យើងទាំងអស់គ្នាបានមើលឃើញ បានដឹងអំពីដំណើរវិវត្តន៍របស់ជាតិ នៅពេលដែលយើងចូលមកដល់ភ្នំពេញតើយើងមានអ្វីខ្លះ។ សម្រាប់ក្រសួង ដែលកាន់កាប់ក្រសួងចាស់ ក្នុងនោះមានក្រសួងការពារជាតិ ក្រសួងការបរទេសជាដើម” ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: