ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេល២ថ្ងៃ ទាហានថៃឃាត់ប្រជាពលរដ្ឋខ្មែរលបលួចឆ្លងដែនដោយខុសច្បាប់ចូលប្រទេសថៃ សរុបជាង ៥០នាក់ នៅស្រុកអរញ្ញ ខេត្តស្រះកែវ

    BY Khmernote Media November 10, 2021
    រយៈពេល២ថ្ងៃ ទាហានថៃឃាត់ប្រជាពលរដ្ឋខ្មែរលបលួចឆ្លងដែនដោយខុសច្បាប់ចូលប្រទេសថៃ សរុបជាង ៥០នាក់ នៅស្រុកអរញ្ញ ខេត្តស្រះកែវ

    បន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ លួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ត្រូវបានទាហា(ព្រាន)ឈុតខ្មៅថៃ កងអនុសេនាធំ ១៣.០២ បានឃាត់ខ្លួនរយៈពេល ០២ថ្ងៃជាបន្តបន្ទាប់សរុបចំនួន ៥៥នាក់ ស្រី១៩នាក់ នៅចំណុចភូមិថាប់ភិកណយ ឃុំថាប់ភិក និងភូមិខៅណយ ឃុំក្លងណាំសៃ ស្រុកអរញ្ញ ខេត្តស្រះកែវ។

    ប្រភពព័ត៌មានពីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា៖ នៅវេលាម៉ោង០៤រសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ទាហាន(ព្រាន)ឈុតខ្មៅថៃ កងអនុសេនាធំ ១៣.០២ ដែលឈរជើងទល់មុខប៉ុស្ដិ៍ការពារព្រំដែនចំបក់ ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ បានផ្តល់ព័ត៌មានមកថា មានប្រជាពលរដ្ឋខ្មែរចំនួន ៣៤នាក់ ស្រី១៦នាក់ បានលួចឆ្លងដែនចូលទៅទឹកដីរបស់គេ ហើយត្រូវបានឃាត់ខ្លួន។ ប្រជាពលរដ្ឋខ្មែរទាំង ៣៤នាក់នេះ តាមការសួរនាំគឺដើរចេញមកពីចំណុចភូមិគីឡូ៩ ស្រុកសំពៅលូន ខេត្ដបាត់ដំបង ឆ្លងអូរចូលទឹកដីថៃ។

    ប្រភពដដែលបានបញ្ជាក់ថា៖ បន្ទាប់ពីបានឃាត់ខ្លួន ទាហានឈុតខ្មៅថៃអនុសេនាធំ ១៣.០២ បានបញ្ជូនប្រជាពលរដ្ឋទាំង ៣៤នាក់ ទៅអធិការដ្ឋាននគរបាលក្លងណាំសៃ ដើម្បីមានវិធានការបន្ត។

    នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងទៀតថា៖ នៅវេលាម៉ោង០៣និង៣០នាទីទាបភ្លឺ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ទាហាន (ព្រាន) ឈុតខ្មៅថៃ កងអនុសេនាធំ ១២.០៧ ដែលឈរជើងទល់មុខប៉ុស្ដិ៍ខ្លាងាប់ បានផ្ដល់ព៌ត័មានពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរដែលលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ចំនួន១១នាក់ ស្រី០៣នាក់ ត្រូវបានឃាត់ខ្លួននៅចំណុចមាត់អូរព្រំដែន ក្នុងភូមិសាស្ត្រ ភូមិខៅណយ ឃុំក្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។ បន្ទាប់ពីឃាត់ខ្លួនប្រជាពលរដ្ឋទាំង ១១នាក់នោះ បានបញ្ជូនទៅអធិការដ្ឋាននគរបាលក្លងណាំសៃផងដែរ ដើម្បីមានវិធានការបន្ត៕

    ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

    Share This Post: