ក្រសួងវប្បធម៌ តម្រូវអោយអ្នកចូលរួមពិធីទាំងអស់ ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ លើកលែងចំពោះអ្នកមិនបានចាក់ដោយសារបញ្ហាសុខភាព
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ស្តីពីការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់ចំនួនអ្នកចូលរួម យ៉ាងច្រើនបំផុត ២០០នាក់។

ដោយផ្សារភ្ជាប់ជាមួយនឹងការអនុវត្តវិធានការ “៣កុំ ៣ការពារ” សំដៅបង្ការហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសហការជាមួយក្រសួងសុខាភិបាល បានរៀបចំឡើងនូវនីតិវិធីប្រតិបត្តិស្ដង់ដា(SOP) ក្នុងគោលបំណងរក្សាសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ នៅពេលរៀបចំអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា ដែលតម្រូវអោយអ្នកចូលរួមពិធីទាំងអស់ ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬស្កេន QR Code របស់ក្រសួងសុខាភិបាល។ ករណីនេះត្រូវបានលើកលែងចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំងដោយសារបញ្ហាសុខភាព។ ម្ចាស់ពិធី ឬអ្នកទទួលសិទ្ធពីម្ចាស់ពិធី ត្រូវទទួលខុសត្រូវពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់អ្នកចូលរួមទាំងអស់ ៕


