ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មិនបាច់ពិបាកដើរចែកធៀបដូចមុនទៀតឡើយ! ក្រសួងវប្បធម៌ ស្នើឲ្យម្ចាស់ដើមការអញ្ជើញភ្ញៀវតាមទូរស័ព្ទ ឬបណ្ដាញសង្គម និងអាចចងដៃតាមប្រព័ន្ធធនាគារ

    BY Khmernote Media November 11, 2021
    មិនបាច់ពិបាកដើរចែកធៀបដូចមុនទៀតឡើយ! ក្រសួងវប្បធម៌ ស្នើឲ្យម្ចាស់ដើមការអញ្ជើញភ្ញៀវតាមទូរស័ព្ទ ឬបណ្ដាញសង្គម និងអាចចងដៃតាមប្រព័ន្ធធនាគារ

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្ដីពីការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើមូលដ្ឋាននៃការគ្របដណ្ដប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលសម្រេចបានរហូតដល់ ៨៧.២៧ភាគរយ នៃប្រជាជនក្នុងប្រទេសសរុបប្រមាណ ១៦លាននាក់ ដើម្បីបង្កើតឲ្យបាននូវភាពស៊ាំសហគមន៍រឹងមាំមួយ និងយោងលើការវិវត្តកាន់តែប្រសើរឡើងនៃស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការរស់នៅទៅតាមគន្លងប្រក្រតីថ្មី។

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា សម្រាប់អ្នកចូលរួមពិធីត្រូវបានកំណត់ចំនួនច្រើនបំផុតត្រឹម ២០០នាក់ ដោយរាប់បញ្ចូលទាំងម្ចាស់ពិធី និងភ្ញៀវ។ ការរក្សាគម្លាតសុវត្ថិភាព និងការកាត់បន្ថយជំនួបដោយផ្ទាល់ ដោយតម្រូវឲ្យអ្នកចូលរួមពិធីត្រូវរក្សាគម្លាតសុវត្ថិភាពអប្បបរមាក្នុងចម្ងាយ ១.៥ម៉ែត្រ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ករណីនេះត្រូវបានលើកលែងចំពោះកូនកំលោះ កូនក្រមុំ ឪពុក ម្តាយ អ្នករស់នៅក្នុងផ្ទះជាមួយគ្នា និងអ្នកដែលត្រូវស្ថិតនៅកៀកគ្នាទៅតាមភាពចាំបាច់នៃកិច្ចពិធី។

    ក្រសួងក៏បានបញ្ជាក់ទៀតថា កាត់បន្ថយជំនួបដោយផ្ទាល់ចំពោះកិច្ចការណា ដែលអាចអនុវត្តបានពីចម្ងាយ ដូចជា៖ ការអញ្ជើញភ្ញៀវតាមទូរស័ព្ទ បណ្ដាញទាក់ទងសង្គម ឬមធ្យោបាយផ្សេងៗទៀត ក៏ដូចជាការចងចំណងដៃជាសាច់ប្រាក់ និងការទូទាត់សាច់ប្រាក់លើសេវាកម្មផ្សេងៗ តាមប្រព័ន្ធធនាគារ ឬសេវាផ្ទេរប្រាក់ជាដើម ៕

    Share This Post: