YouTube បានចាប់ផ្ដើមលាក់ចំនួន Dislike ពីភ្នែករបស់អ្នកទស្សនា ដើម្បីការពារអ្នកបង្កើតវីដេអូពីការយាយី និងការវាយប្រហារលើចំនួន Dislike
បច្ចេកវិទ្យា November 12, 2021 lyda

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NBC News បានរាយការណ៍ថា YouTube កំពុងធ្វើការផ្លាស់ប្តូរមួយចំនួនទៅលើវេទិការបស់ខ្លួន នៅក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីមួយដើម្បីការពារអ្នកបង្កើតវីដេអូ/មាតិកា ដោយការលាក់ចំនួនមិនចូលចិត្ត ឬហៅថា Dislike នៅលើវីដេអូរបស់ពួកគេ។ កាលពីថ្ងៃពុធកន្លងទៅ សេវាកម្មចែករំលែកវីដេអូមួយនេះ បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់នូវមុខងារថ្មីមួយ ដែលលាក់ចំនួន Dislike ពីភ្នែកអ្នកចូលមើល ហើយចំនួននោះអាចមើលបានតែចំពោះអ្នកដែលបង្ហោះវីដេអូប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ប៊ូតុងចុង Dislike នឹងនៅតែមានដដែល ហើយអ្នកមើលនៅតែអាចចុចពាក្យមិនចូលចិត្តលើវីដេអូណាមួយ ប៉ុន្តែគ្រាន់តែថា អ្នកមើលមិនអាចដឹងចំនួន Dislike ពិតប្រាកដប៉ុណ្ណោះ។

មុខងារដែលទើបតែអាប់ដេតមួយនេះ ត្រូវបានជំរុញឱ្យមានឡើងមកបន្ទាប់ពី YouTube បានធ្វើការសាកល្បងវាកាលពីដើមឆ្នាំនេះ  ដើម្បីមើលថា តើការផ្លាស់ប្តូរនេះអាចជួយការពារអ្នកបង្កើតមាតិកាពីការយាយី និង «ការវាយប្រហារដោយការចុច Dislike» ដែលអ្នកមើលធ្វើដោយចេតនា ដើម្បីជំរុញចំនួនអ្នកទស្សនាផ្សេងទៀតឱ្យចុច Dislike បែបនោះដែរ។ YouTube បានយល់ថា ប្រសិនបើចំនួន Dislike ត្រូវបានលាក់ អ្នកមើលទាំងអស់ទំនងជាមិនសូវកំណត់គោលដៅលើការចុច Dislike នោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NBC News