មន្រ្តីជំនាញ ចុះស្រាវជ្រាវករណីសង្ស័យពុលស្រា ក្រោយមានមនុស្សជាច្រើនបានបាត់បងជីវិត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា បន្ទាប់ពីបានទទួលដំណឹងពីករណីសង្ស័យពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋចំនួន ០៧នាក់ ស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័ក ស្ថិតនៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប បានបញ្ជាឱ្យមន្រ្តីជំនាញរបស់សាខាក.ប.ប. ខេត្តបន្ទាយមានជ័យ ចុះពិនិត្យនិងស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីប្រមូលយកសំណាកគំរូមកវិភាគរកមូលហេតុនៃការស្លាប់បាត់បង់ជីវិត។

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីជំនាញសាខាក.ប.ប. ខេត្តបន្ទាយមានជ័យ បានចុះដល់កន្លែងកើតហេតុ និងទទួលបានព័ត៌មានបឋមមានប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចំនួន ២៤នាក់ ក្នុងចំណោម៣៥នាក់ដែលបានហូបស្រា មានអាការៈតឹងទ្រូង ថប់ដង្ហើម ងងឹតមុខ រាគរូស ចុកទ្រូង ជាដើម បន្ទាប់ពីបានហូបស្រាដែលផ្សំឡើងពីអាល់កុល លាយជាមួយភេសជ្ជៈអូអ៊ីឈិ និងស្ទីង ហើយត្រូវបានក្រុមគ្រូពេទ្យដែលប្រចាំការនៅមណ្ឌលចត្តាឡីស័ក បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ក្រោយមកដោយស្ថានភាពអ្នកជម្ងឺធ្ងន់ធ្ងរពេក ទើបបណ្តាលឱ្យប្រជាពលរដ្ឋចំនួន០៧នាក់ ត្រូវបានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់។ ដោយមានការសង្ស័យពីមូលហេតុនៃការពុល អាចបណ្តាលមកពីការបរិភោគស្រាដែលមានសារធាតុមេតាណុល មន្ត្រីជំនាញបានប្រមូលយកសំណាកគំរូស្រាដែលជនរងគ្រោះបានបរិភោគសល់ យកមកវិភាគរកសារធាតុមេតាណុល ដែលជាសារធាតុពុល។
យោងលទ្ធផលវិភាគបឋមនៅមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខាក.ប.ប.ខេត្តបន្ទាយមានជ័យ បានបង្ហាញឱ្យឃើញថា៖ គំរូស្រាដែលទទួលបានពីកន្លែងកើតហេតុ មានវត្តមានសារធាតុមេតាណុលកម្រិតខ្ពស់ ដែលអាចជាមូលហេតុធ្វើឱ្យអ្នកហូបស្លាប់បាត់បង់ជីវិត។ បន្ទាប់មក មន្រ្តីជំនាញសាខាក.ប.ប.ខេត្តបន្ទាយមានជ័យ បានបញ្ជូនសំណាកគំរូស្រាទាំងនោះមកវិភាគបន្តនៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋានក.ប.ប. ដើម្បីបញ្ជាក់លទ្ធផលបន្ថែម៕








ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF