ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ ចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្សារ រកឃើញពពុះសណ្ដែកផ្ទុកសារធាតុបូរ៉ាក់ និងអាល់កុលក្លែងក្លាយ ៤៨លីត្រ នៅស្រុកគិរីវង់ ខេត្តតាកែវ

    BY Khmernote Media November 15, 2021
    មន្ត្រីជំនាញ ចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្សារ រកឃើញពពុះសណ្ដែកផ្ទុកសារធាតុបូរ៉ាក់ និងអាល់កុលក្លែងក្លាយ ៤៨លីត្រ នៅស្រុកគិរីវង់ ខេត្តតាកែវ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំខេត្តតាកែវ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យនិងវិភាគគុណភាពទំនិញនៅតាមបណ្ដាផ្សារដែលស្ថិតក្នុងស្រុកគិរីវង់ ខេត្តតាកែវ។

    ការអនុវត្តសកម្មភាពចុះត្រួតពិនិត្យតាមបណ្ដាផ្សារដោយប្រើប្រាស់រថយន្តពិសោធន៍ចល័តនេះ បានធ្វើឡើងក្រោយពីបានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឱ្យបញ្ជូនរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ទៅតាមបណ្ដាខេត្តគោលដៅ ឱ្យប្រើប្រាស់នៅក្នុងចង្កោមខេត្តក្បែរៗនោះ ក្នុងគោលបំណងពង្រឹងសមត្ថភាពការងាររបស់មន្ត្រីតាមបណ្ដាខេត្តទៅលើការវិភាគគុណភាពទំនិញឱ្យបានកាន់តែឆាប់រហ័ស សុក្រឹត ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ។

    បន្ទាប់ពីបានវិភាគលើផលិតផលបន្លែ ផ្លែឈើ គ្រឿងសមុទ្រ និងផលិតផលម្ហូបអាហារផ្សេងទៀត ចំនួន ១០ សំណាកគំរូ មន្ត្រីជំនាញបានរកឃើញពពុះសណ្ដែកមានផ្ទុកសារធាតុបូរ៉ាក់ចំនួន ១៨គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៤៨លីត្រ។ មន្ត្រី ក.ប.ប. បានធ្វើការដកហូតទំនិញទាំងនោះយកមករក្សាទុក និងធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទំនិញ ព្រមទាំងបានណែនាំដល់ពួកគាត់ឱ្យបញ្ឈប់ការដាក់លក់ទំនិញខូចគុណភាព ឬមានសារធាតុគីមីហាមឃាត់ជូនប្រជាពលរដ្ឋបន្តទៀត ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: