រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជំរុញឱ្យប្រតិបត្តិករទេសចរណ៍រៀបចំលក់កញ្ចប់ទស្សនា ក្នុងតម្លៃមួយសមរម្យ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ដែលចាក់វ៉ាក់សាំងរួច
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យទេសចរបរទេស និងអ្នកដំណើរពីក្រៅប្រទេសចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ហើយអ្វីដែលយើងត្រូវត្រៀម គឺការអនុវត្តឱ្យបានតាមស្តង់ដារអប្បបរមា(SOP)តាមគន្លងប្រក្រតីភាពថ្មី។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ចូលក្នុងព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានជំរុញឱ្យប្រតិបត្តិករទេសចរណ៍រៀបចំលក់កញ្ចប់ទស្សនាក្នុងតម្លៃមួយសមរម្យ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ដែលចាក់វ៉ាក់សាំងរួចឱ្យមកកម្សាន្តនៅកម្ពុជាឱ្យបានច្រើន។ ឯកឧត្ដមបានលើកឡើងថា នេះគឺជាឱកាសមួយដ៏ល្អ ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ស្របពេលដែលប្រទេសកម្ពុជា ជាប្រទេសមួយ ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន ដែលធ្វើឱ្យភ្ញៀវទេសចរមានទំនុកចិត្តក្នុងការមកកម្សាន្ត នៅកម្ពុជា។
បើតាមឯកឧត្ដម ថោង ខុន ប្រទេសកម្ពុជា ក៏ធ្វើការអភិវឌ្ឍន៍ជាច្រើន និងបានដាក់ឱ្យអនុវត្តន៍ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ គោលដៅតំបន់ទេសចរណ៍សំខាន់ៗចំនួន០៦មានដូចជា៖ តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន្ម-នរោត្តមភ្នំគូលែន តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី តំបន់ទេសចរណ៍អង្គរ តំបន់ទេសចរណ៍ក្រុងសៀមរាប តំបន់ទេសចរណ៍បឹងទន្លេសាប និងតំបន់ទេសចរណ៍សៀមរាបថ្មី។ ឯកឧត្ដមរដ្ឋមន្រ្ដីបានអះអាងថា ស្ថិតនៅក្នុងស្ថានភាពនេះ គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យ ស្នាក់នៅបានយូរ។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានលើកឡើងថា ចាប់ពីដើមឆ្នាំ២០២០មក វិស័យទេសចរណ៍ ដែលដើរតួនាទី ដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តសៀមរាប បានរងនូវផលប៉ះពាល់យ៉ាងខ្លាំងមិនធ្លាប់មាន ដោយអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្តទាំងអស់ត្រូវបានផ្អាកដំណើរការស្ទើរតែទាំងស្រុងហើយ ចំនួនភ្ញៀវទេចរអន្តរជាតិបានបាត់បង់ស្ទើរតែទាំងស្រុង ខណៈដែលលំហូរ នៃការធ្វើដំណើរភ្ញៀវទេសចរផ្ទៃក្នុង ក៏បានថមថយដោយសារការអូសបន្លាយនៃវិបត្តិជំងឺកូវីដ-១៩ ផងដែរ។ ឯកឧត្តមអភិបាលខេត្ដបន្តថា ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យទេសចរបរទេស ចូលមកកម្សាន្តនៅកម្ពុជាវិញហើយ ដែលប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានទទួលការចាក់វ៉ាក់សាំងសម្រេចបានរហូតដល់ប្រមាណ៩៦ភាគរយ នៃប្រជាជនសរុប ដែលនេះជាមូលដ្ឋានគ្រឹះដ៏ចាំបាច់បំផុតសម្រាប់ការត្រៀមទទួលភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចណ៍ខេត្តសៀមរាបបានបង្ហាញឱ្យដឹងថា បច្ចុប្បន្ននេះ នៅក្នុងខេត្តសៀមរាបមានសណ្ឋាគារចំនួន២៥កន្លែងប៉ុណ្ណោះបានដំណើរការ ក្នុងចំណោមសណ្ឋាគារសរុប២២៨កន្លែង ផ្ទះសំណាក់បានដំណើរការមាន៥៦កន្លែង ក្នុងចំណោមផ្ទះសំណាក់សរុប២៦១កន្លែង ភោជនីយដ្ឋានដំណើរការមាន១៤កន្លែង ក្នុងចំណោមភោជនីយដ្ឋានសរុប១៩៦កន្លែង៕




ប្រភព៖ ក្រសួងព័ត៌មាន