ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខណ្ឌកំបូល ជូនដំណឹងបងប្អូនប្រជាពលរដ្ឋនៅតាមទំនប់សណ្ដរស្ទឹងព្រែកត្នោត ត្រៀមបង្ការ និងបញ្ជៀសការខូចខាតនានា ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង

    BY Khmernote Media November 19, 2021
    រដ្ឋបាលខណ្ឌកំបូល ជូនដំណឹងបងប្អូនប្រជាពលរដ្ឋនៅតាមទំនប់សណ្ដរស្ទឹងព្រែកត្នោត ត្រៀមបង្ការ និងបញ្ជៀសការខូចខាតនានា ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌកំបូល មានកិត្តិយសសូមជម្រាបជូនដំណឹង និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយសណ្តរស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រសង្កាត់បឹងធំ និងសង្កាត់ប្រទះឡាង ខណ្ឌកំបូល ស្តីពីវិធានការពង្រឹងសន្តិសុខ សុវត្ថិភាព ដើម្បីបង្ការ និងបញ្ចៀសការខូចខាតនានា ដែលបង្ករឡើងដោយជំនន់ទឹកភ្លៀង នៅតាមទំនប់សណ្តស្ទឹងព្រែកត្នោត។

    រដ្ឋបាលខណ្ឌកំបូល សូមជម្រាបជូនដំណឹង និងក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមស្ដីពីស្ថានភាពទឹកភ្លៀងនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសស្ថានភាពភ្លៀងធ្លាក់នាប៉ុន្មានថ្ងៃជាប់ៗគ្នា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលស្ថានភាពទឹកភ្លៀងនេះបានហូរធ្លាក់ពីតំបន់ប្រជុំភ្នំនានា មកក្នុងដងស្ទឹងព្រែកត្នោត ធ្វើឲ្យកម្រិតទឹកស្ទឹងព្រែកត្នោតកើនឡើងខ្ពស់បង្ករជាជំនន់ទឹកភ្លៀង ដែលនឹងបន្តហូរចាក់ទៅទន្លេបាសាក់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយក្នុងនោះត្រូវឆ្លងកាត់ភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញផងដែរ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយសណ្ដរស្ទឹងនៅពេលនេះ។ ស្ថិតនៅក្នុងស្ថានភាពនេះ ដោយអនុវត្តន៍តាមផែនការដឹកនាំយ៉ាងម៉ឺងម៉ាត់ហ្មត់ចត់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលតែងតែគិតគូរដល់សន្តិសុខ សុវត្ថិភាព សុខុមាភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងដើម្បីបញ្ជៀសនូវការខូចខាតទ្រព្យសម្បត្តិ សម្ភារៈ និងប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វពាហនៈ ជាយថាហេតុ ដែលបណ្ដាលមកពីគ្រោះមហន្តរាយធម្មជាតិទឹកជំនន់ទឹកភ្លៀង បង្កដោយការកើនឡើងនៃកម្រិតទឹកស្ទឹងព្រែកត្នោត។

    រដ្ឋបាលខណ្ឌកំបូល នឹងបន្តសហការជាមួយមន្ទីធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ តាមដានស្ថានភាពកំរិតកម្ពស់ទឹកស្ទឹងព្រែកត្នោតប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងសហការជាមួយអង្គភាពពាក់ព័ន្ធនានាដូចដែលបានអនុវត្តកន្លងមក ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍សង្គ្រោះបងប្អូនប្រជាពលរដ្ឋទៅកាន់ទីកន្លែងមានសុវត្ថិភាពឲ្យបានទាន់ពេលវេលា។

    ក្នុងន័យនេះ ដើម្បីចូលរួមបង្ការ និងបញ្ជៀសនូវការខូចខាត ដូចបានរៀបរាប់ខាងលើ រដ្ឋបាលខណ្ឌកំបូល សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ សូមមេត្តាយកចិត្តទុកដាក់ថែទាំកុមារតូចៗ ចាស់ជរាដែលកំពុងរស់នៅក្នុងបន្ទុក និងរៀបចំទុកដាក់ទ្រព្យសម្បត្តិ សម្ភារៈឲ្យបានល្អ មានសុវត្ថិភាព ព្រមទាំងត្រូវទុកដាក់ឲ្យបានខ្ពស់ផុតពីកម្រិតកម្ពស់ទឹក ដែលជាបទពិសោធន៍នៃការលិចលង់កន្លងមក ជាពិសេសត្រូវចូលរួមសហការត្រៀមសម្ភារៈសង្គ្រោះដែលមានស្រាប់ដូចជាទូកចម្លងទៅកាន់ទីតាំងសុវត្ថិភាពក្នុងករណីចាំបាច់ ៕

    ប្រភព៖ រដ្ឋបាលខណ្ឌកំបូល

    Share This Post: