ព័ត៌មានជាតិ

ត្រៀមអាវក្រាស់ៗ! កម្ពុជានឹងចុះត្រជាក់ខ្លាំងរហូតដល់ ១៥អង្សាសេ ចាប់ពីខែធ្នូ ដល់ខែកុម្ភៈ ឆ្នាំ២០២២

BY
srey nuch
November 22, 2021

រាជធានីភ្នំពេញ​៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងធនធានទឹក ស្ដីពីស្ថានភាពអាកាសធាតុ ដល់សាធារណជនឲ្យបានជ្រាបថា តាមរយៈការតាមដាន និងការវិវត្តនៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា ចាប់ពីខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បាតុភូតឡានីណា La Nina (ត្រជាក់) មានប្រមាណ ៩០ភាគរយ និងថយបន្ដិចម្ដងៗមកត្រឹម ៦០ភាគរយ នៅខែកុម្ភៈ។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យធាតុអាកាសត្រជាក់នៅតំបន់ស៊ីបេរី រុញច្រានទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនចុះមកក្រោម និងគ្របដណ្ដប់មកលើកម្ពុជា។ លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ក្នុងរដូវរំហើយខាងមុខនេះ (ខែធ្នូ ឆ្នាំ២០២១ -ខែកុម្ភៈ​ ឆ្នាំ២០២២) ស្ថានភាពធាតុអាកាស នឹងចុះត្រជាក់ ដូចខាងក្រោម៖

១.ធាតុអាកាសនឹងចាប់ផ្ដើមចុះត្រជាក់លើកទី១៖ ដោយចាប់ពីសប្តាហ៍ទី១ ខែធ្នូ ដល់សប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២១។ នៅក្នុងអំឡុងពេលនោះ មានថ្ងៃខ្លះធាតុអាកាស អាចនឹងចុះត្រជាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះមាន៖
-បណ្ដាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានសីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១៧°C ទៅ ១៩°C ។
-បណ្ដារាជធានី ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៩°C ទៅ២១°C។

២.ធាតុអាកាសនឹងចុះត្រជាក់លើកទី២៖ ដោយចាប់ពីសប្ដាហ៍ទី៤ ខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងអំឡុងពេលនោះមានថ្ងៃខ្លះធាតុអាកាស អាចនឹងចុះត្រជាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរជាប់ៗគ្នាច្រើនថ្ងៃ ក្នុងនោះមាន៖
-បណ្ដាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ និងតំបន់ខ្ពង់រាបឦសានសីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៥°C ទៅ ១៧°C។
-បណ្ដារាជធានី ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៨°C ទៅ ២០°C។

យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដី និងសាធារណជន សូមជ្រាបជាព័ត៌មាន។

ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល ៕

Share This Post: