ព័ត៌មានជាតិ

អគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីមួយទៀតនឹងលេចរូបរាងឆាប់ៗ ខណៈសម្រេចសាងសង់បានប្រមាណ៩០%ហើយ

BY
srey nuch
November 22, 2021

ខេត្តត្បូងឃ្មុំ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការបញ្ចុះបឋមសិលាសាងសង់អគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ អញ្ជើញចូលរួមក្នុងឱកាសនេះ មានឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ សមាជិករដ្ឋសភាមណ្ឌលខេត្តត្បូងឃ្មុំ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ​ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្រុមគ្រូពេទ្យជំនាញ ស្ម័គ្រចិត្ត និងប្រធានមន្ទីរ អង្គភាពជំនាញជុំវិញរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនរូបទៀត។

អគារទី២ ដែលវចាប់ផ្ដើមសាងសង់នៅថ្ងៃនេះ មានទទឹង ១៨ម៉ែត្រ បណ្ដោយ ៦២ម៉ែត្រ កម្ពស់ ៤ជាន់ មានទំហំដូចគ្នានឹងអគារទី១ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ និងសម្រេចលទ្ធផលសាងសងបានប្រមាណ ៩០ភាគរយ។ អគារមន្ទីរពេទ្យទាំង ២ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មារ និងតំបន់ជុំវិញ ៕

ប្រភព៖ ជា សុផារ៉ា-Chea Sophara

Share This Post: