ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចនគរបាលក្បាលកោះ ឃាត់ខ្លួនជនសង្ស័យ ២នាក់ លួចផ្លាកលេខរថយន្ត ដោយម្នាក់ជាអ្នកលួច និងម្នាក់ទៀតចាំទទួលទិញ

BY
srey nuch
November 23, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ក្បាលកោះ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីលួចផ្លាកលេខរថយន្ត ប្រព្រឹត្តនៅចំណុចមុខគ្មានលេខ ផ្លូវជាតិលេខ១ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ជនរងគ្រោះឈ្មោះញឹក វី ភេទ ប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ ស្នាក់នៅផ្ទះកើតហេតុ។

ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖

១- ឈ្មោះដែក សារិទ្ធ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។
២- ឈ្មោះឯក ជីវ័ន្ត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (មានសារធាតុញៀន)។

មុនពេលកើតហេតុជនរងគ្រោះទុករថយន្តម៉ាក Toyota Hilux Revo ពណ៌ស ផ្លាកលេខ ភ្នំពេញ ២BP-៣៤៣៥ នៅចំណុចកើតហេតុ រួចចូលដេកក្នុងផ្ទះ ស្រាប់តែជនសង្ស័យឈ្មោះដែក សារិទ្ធ លួចផ្លាកលេខទាំងមុខ-ក្រោយគេចខ្លួន។ លុះដល់ម៉ោង១៦:០០នាទី ថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ឈ្មោះដែក សារិទ្ធ នៅភូមិយកបាត្រ សង្កាត់ ក្បាលកោះ ដកហូតបានផ្លាកលេខរថយន្តខាងលើ និងផ្លាកលេខ១គូទៀត (ភ្នំពេញ ២BA-៦៩៧៥)។

បន្ទាប់ពីឃាត់ខ្លួនសង្ស័យឈ្មោះដែក សារិទ្ធ រហូតដល់ម៉ោង១៧:០០នាទី ថ្ងៃដដែល សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះឯក ជីវ័ន្ត ជាអ្នកទិញផ្លាកលេខរថយន្តពីជនសង្ស័យ នៅចំណុចនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ និងដកហូតម៉ូតូ០១ គ្រឿង ម៉ាកHonda Scoopy ពណ៌ស គ្មានផ្លាកលេខ។

បញ្ជាក់កន្លងមកជនសង្សយ័ឈ្មោះ ដែក សារិទ្ធ ធ្លាប់លួចផ្លាកលេខរថយន្ត ចំនួន០៥លើក និងធ្លាប់ជាប់ពន្ធនាគារព្រៃស ចំនួន០៣លើក ៖

-លើកទី១ ៖ ក្នុងឆ្នាំ២០១៥ រយៈពេល ០៤ខែ ពីបទ ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
-លើកទី២ ៖ ក្នុងឆ្នាំ២០១៧ រយៈពេល ០១ឆ្នាំ ពីបទ ៖ លួច។
-លើកទី៣ ៖ ក្នុងឆ្នាំ២០១៩ រយៈពេល ០២ឆ្នាំ ពីបទ ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: