ឯកឧត្តម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរចាត់វិធានការឱ្យបានម៉ឺងម៉ាត់ លើការរៀបចំសណ្ដាប់ធ្នាប់តាមដងទន្លេ និងនៅតាមដងផ្លូវសាធារណៈ នៅរាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរទាំងអស់ ពិសេសអាជ្ញាធរខណ្ឌដែលមានភូមិសាស្ត្រ និងមូលដ្ឋាននៅតាមដងទន្លេ ត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់ លើការរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងទន្លេ ឱ្យបានល្អប្រសើរមួយកម្រិតថែមទៀត ស្របពេលដែលយើងបានបើកប្រទេសជាប្រក្រតីឡើងវិញ។

ឯកឧត្តម ឃួង ស្រេង បានជំរុញបែបនេះ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង (Video Conference ) ជាមួយអាជ្ញាធរខណ្ឌ កងកម្លាំងប្រដាប់អាវុធចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត នារសៀលថ្ងៃ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ សាលារាជធានីភ្នំពេញ។
ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ តាមដងផ្លូវក៏ជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ និងរៀបចំឱ្យបានល្អប្រសើរផងដែរ។ចំពោះចំណាត់ការនៃការរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងទន្លេនាពេលកន្លងមក គឺពិតជាទទួលបាននូវការកោតសរសើរ ពីសំណាក់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនិង ទទួលបានការកោតសរសើរពីអន្តរជាតិផងដែរ ។ ដូច្នេះអាជ្ញាធរខណ្ឌពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់លើការទប់ស្កាត់ ធ្វើយ៉ាងណាកុំឱ្យផ្ទះបណ្ដែតទឹក សំណង់មិនរៀបរយ តាមដងទន្លេនេះកើតឡើងវិញ។
អាជ្ញាធរខណ្ឌត្រូវតែយកចិត្តទុកដាក់ និងចុះពិនិត្យជាប្រចាំនៅតាមដងទន្លេនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនឱ្យមានការកើតឡើងវិញនូវសំណង់មិនរៀបរយតាមដងទន្លេនេះឡើយ។ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ការអនុវត្តការងារលើការរៀប ចំសណ្ដាប់ធ្នាប់តាមដងទន្លេ ទទួលបាននូវភាពជោគជ័យនេះ គឺពិតជាមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនិងការខិតខំប្រឹងប្រែងរបស់អាជ្ញាធររបស់យើង ។ ដូច្នេះលោកស្នើឱ្យយើងបន្តកិច្ចការងារនេះឱ្យបានប្រសើរថែមទៀតដើម្បីធ្វើយ៉ាងណាឱ្យដងទន្លេរបស់យើងមានសណ្តាប់ធ្នាប់របៀបរៀបចំនិងមានបរិស្ថានល្អប្រសើរ។
ឯកឧត្តម បានបញ្ជាក់ផងដែរថា ការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងទន្លេ គឺជាផ្នែកមួយហើយ ប៉ុន្តែការរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវគឺជារឿងមួយទៀត ដែលអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តធ្វើយ៉ាងណាឱ្យការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ឱ្យមានសោភ័ណភាពល្អប្រសើរ ឱ្យស័ក្ដិសមជារាជធានីភ្នំពេញ ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ៕


ប្រភព៖ ក្រសួងព័ត៌មាន