ABA ប្រកាសកែលម្អប្រព័ន្ធ ដែលនឹងធ្វើឲ្យ App ទូរស័ព្ទមិនដំណើរការម្តងទៀត មួយយប់ទល់ភ្លឺ ចាប់ពីអធ្រាត្រយប់នេះទៅ
ប៉ុន្មានថ្ងៃចុងក្រោយនេះ កម្មវិធីទូរស័ព្ទ របស់ធនាគារ ABA ដែលអាចនិយាយបានថាជាធនាគារទី១ នៅកម្ពុជា ដែលមានអ្នកប្រើប្រាស់ ABA Mobile ច្រើនជាងគេ បានជួបបញ្ហាបច្ចេកទេសមួយចំនួន ធ្វើអោយអ្នកប្រើប្រាស់មួយចំនួនមិនអាចធ្វើការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលបានទាំងអស់ លុះត្រាតែធ្វើដំណើរទៅកាន់សាខាធនាគារ ដើម្បីធ្វើការដកសាច់ប្រាក់សុទ្ធយកមកទូទាត់។ ក្រោយពីចំណាយពេលដោះស្រាយបញ្ហាអស់រយៈពេលជាយូរមក កម្មវិធីទូរស័ព្ទរបស់ធនាគារ ABA បានដំណើរការប្រក្រតីមកវិញ។

ប៉ុន្តែនាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ធនាគារ ABA បានធ្វើការប្រកាសតាមបណ្តាញសង្គមថា នឹងធ្វើការកែលម្អប្រព័ន្ធម្តងទៀត ដោយខាងធនាគារបានបង្ហោះសារឲ្យដឹងថា៖ “សេចក្ដីជូនដំណឹង ការកែលម្អប្រព័ន្ធតាមការគ្រោងទុក អតិថិជនជាទីគោរព! សូមជម្រាបថា ប្រព័ន្ធរបស់យើងនឹងធ្វើការកែលម្អតាមការគ្រោងទុកចាប់ពីម៉ោង 00.00 (ឬម៉ោង12 យប់នេះ) ដល់ម៉ោង 07.00 ព្រឹក ថ្ងៃសៅរ៍ ទី 27 ខែ វិច្ឆិកា។ ក្នុងអំឡុងពេលនេះ រាល់ផលិតផល និង សេវាកម្មរបស់យើង ដែលមានដូចជា ម៉ាស៊ីនស្វ័យសេវា និង កម្មវិធី ABA Mobile របស់យើងនឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន។ យើងខ្ញុំសូមអភ័យទោស ចំពោះភាពរអាក់រអួលនេះ”៕
