ព័ត៌មានជាតិ

អង្គការសុខភាពពិភពលោក ប្រកាសពីការរកឃើញមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី និងក្រើនរំលឹកដល់កម្ពុជាឱ្យត្រៀមខ្លួន សម្រាប់ការកើនឡើងជាគំហុកជាយថាហេតុនូវករណីជំងឺកូវីដ-១៩ ក្រោយពិភពលោករកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីឈ្មោះ អូមីក្រុង

BY
srey nuch
November 28, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានក្រើនរំលឹកដល់កម្ពុជាឲ្យត្រៀមខ្លួនសម្រាប់ការកើនឡើងជាគំហុកជាយថាហេតុនូវករណីជំងឺកូវីដ-១៩ ដែលទើបនិងរកឃើញមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី ដែលគួរឲ្យព្រួយបារម្ភឈ្មោះ អូមីក្រុង ។

វីរុសបំប្លែងខ្លួនថ្មី B.1.1.529 (ឈ្មោះ អូមីក្រុង) ត្រូវបានរាយការណ៍ជាលើកដំបូង ទៅកាន់អង្គការសុខភាពពិភពលោក ដោយប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ដំបូងគេ ត្រូវបានរកឃើញនៅលើសំណាកមួយដែលប្រមូលបាននៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។ ការឆ្លងនៅអាហ្រ្វិកខាងត្បូង បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្របពេលជាមួយនឹងការរកឃើញនូវមេរោគបំប្លែងខ្លួនថ្មីមួយនេះ។ ដោយសារតែពិភពលោកមានទំនាក់ទំនងគ្នាទៅវិញទៅមក វាមានហានិភ័យខ្ពស់ដែលអូមីក្រុង នឹងត្រូវបាននាំចូល និងត្រូវបានរកឃើញក្នុងពេលឆាប់ៗនេះនៅក្នុងសហគមន៍ប្រទេសកម្ពុជា។

អូមីក្រុង ជាវីរុសបំប្លែងខ្លួនថ្មីគួរឱ្យព្រួយបារម្ភ សម្រាប់ការឆ្លើយតបជាសកលចំពោះការរីករាលដាល នៃជំងឺរាតត្បាតកូវីដ១៩។ អូមីក្រុង អាចបំប្លែងខ្លួនជាវីរុសចំនួនច្រើន ហើយការបំប្លែងខ្លួនមួយចំនួននៅក្នុងចំណោមនោះបង្កឱ្យមានការព្រួយបារម្ភ។ ភស្តុតាងបឋម បង្ហាញថាវីរុសបំប្លែងខ្លួនថ្មីនេះបង្កឱ្យមានហានិភ័យខ្ពស់ជាងវីរុសបំប្លែងថ្មី ដែលគួរឱ្យព្រួយបារម្ភដទៃទៀត នៅក្នុងការឆ្លងជំងឺកូវីដ-១៩ឡើងវិញ ៕

សូមអានសារលិខិតរបស់តំណាងអង្គការសុខភាពពិភព​ប្រចាំនៅកម្ពុជាលម្អិតដូចខាងក្រោម៖

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: