ព័ត៌មានជាតិ

សម្តេចតេជោ ទទួលបានរបាយការណ៍ថា អតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានកាប់បំផ្លាញទន្ទ្រានយកដីបឹងទន្លេសាបជាង ២ពាន់ហិចតា

BY
Khmernote Media
November 28, 2021

ក្នុងសារសំលេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងបញ្ហាការរំលោភដីព្រៃលិចទឹកបឹងទន្លេសាបពីសំណាក់មន្ត្រីខិលខូច និងប្រជាពលរដ្ឋ ដែលសម្តេចបញ្ជាក់ថាមិនអាចទទួលយកបានឡើយចំពោះសកម្មភាពបែបនេះឡើយ ជាពិសេសខេត្តកំពង់ឆ្នាំង។

ក្នុងនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ដូចជានៅខេត្តកំពង់ឆ្នាំង ប្រសិនបើរបាយការណ៍នេះខុសក៏ខ្ញុំសុំអធ្យាស្រ័យ លឺថាអតីតអភិបាលខេត្តដែលទើបចាកចេញពីដំណែងកាលពីប៉ុន្មានខែមុននេះ បានកាប់បំផ្លាញយកដីប្រមាណជាង២ពាន់ហិចតាឯណោះ ដូច្នេះខ្ញុំមិនគិតថាមិនខ្វល់ថា វាជាដីរបស់អតីតអភិបាលខេត្ត ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទេ ទោះបីថ្នាក់ណាក៏ដោយ ត្រូវតែប្រមូលយកដីទាំងនេះមកវិញទាំងអស់ ហើយដីនោះត្រូវតែ ជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញ”។

ជាមួយគ្នានេះដែរសម្តេចតេជោ ក៏បានបញ្ជាអោយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវធ្វើការស៊ើបអង្កេតអោយបានច្បាស់និងជាបន្ទាន់ ដើម្បីស្វែងរកមន្ត្រីខិលខូចដែលបានរំលោភយកដីទាំងនោះ ហើយត្រូវធ្វើការរឹបអូសយកដីនោះមកវិញក៏ដូចជារឹបអូសទ្រព្យសម្បត្តិដែលមន្ត្រីទាំងនោះទទួលបានពីការទន្ទ្រានយកដីទាំងនោះ ហើយត្រូវបញ្ជូនសំណុំរឿងទៅតុលាការដើម្បីកាត់ទោសតាមច្បាប់គ្មានការលើកលែងឡើយ៕

Share This Post: