ព្រឹកនេះ នាយឧត្តមសេនីយ៍ សៅ សុខា ចេញប្រតិបត្តិការដឹកនាំកម្លាំងដោយផ្ទាល់ចុះស្រាវជ្រាវបង្ក្រាបបទល្មើសកា-ប់បំផ្លាញទន្ទ្រានយកដីបឹងទន្លេសាប
យោងតាមការបញ្ចាក់នៅលើគណនីហ្វេសប៊ុក របស់ ឧត្តមសេនីយ៍ត្រី អេង ហ៊ី ជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងដោយផ្ទាល់ ចុះទៅធ្វើការទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបអំពើល្មើស ការកាប់ទន្ទ្រានព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប។ ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរង នគរបាលជាតិ និងជាអនុប្រធានគណៈកម្មការជាតិ ក៏បានអញ្ជើញចូលរួមផងដែរ។

គួរបញ្ជាក់ផងដែរថា នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងសារសំលេងពិសេស ពាក់ព័ន្ធនឹងបញ្ហាការរំលោភដីព្រៃលិចទឹកបឹងទន្លេសាបពីសំណាក់មន្ត្រីខិលខូច និងប្រជាពលរដ្ឋ ដែលសម្តេចបញ្ជាក់ថាមិនអាចទទួលយកបានឡើយចំពោះសកម្មភាពបែបនេះឡើយ ជាពិសេសខេត្តកំពង់ឆ្នាំង។
ក្នុងនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ដូចជានៅខេត្តកំពង់ឆ្នាំង ប្រសិនបើរបាយការណ៍នេះខុសក៏ខ្ញុំសុំអធ្យាស្រ័យ លឺថាអតីតអភិបាលខេត្តដែលទើបចាកចេញពីដំណែងកាលពីប៉ុន្មានខែមុននេះ បានកាប់បំផ្លាញយកដីប្រមាណជាង២ពាន់ហិចតាឯណោះ ដូច្នេះខ្ញុំមិនគិតថាមិនខ្វល់ថា វាជាដីរបស់អតីតអភិបាលខេត្ត ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទេ ទោះបីថ្នាក់ណាក៏ដោយ ត្រូវតែប្រមូលយកដីទាំងនេះមកវិញទាំងអស់ ហើយដីនោះត្រូវតែ ជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញ”៕
