ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការងារដំឡើងព្រះកេសទេវតាចំនួន៦ និងអសុរាចំនួន៧ នៅខ្លោងទ្វារតាកាវនាពេលឆាប់ៗ

    BY Khmernote Media November 29, 2021
    អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការងារដំឡើងព្រះកេសទេវតាចំនួន៦ និងអសុរាចំនួន៧ នៅខ្លោងទ្វារតាកាវនាពេលឆាប់ៗ

    ខេត្តសៀមរាប​៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ ឬខ្លោងទ្វារខាងលិច នៃក្រុងអង្គរធំ គ្រោងនឹងបញ្ចប់ការងារដំឡើងព្រះកេសទេវតា និងព្រះកេសអសុរាក្នុងរយៈពេលមួយខែទៀត។

    កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខ្លោងទ្វារតាកាវនិយាយថា ក្រុមការងារកំពុងបង្ហើយការងារជួសជុល និងដំឡើងព្រះកេសទេវតា និងអសុរា ការងារបំពេញថ្មភក់ថ្មី ការងារដាប់ក្បាច់ និងការងារដំឡើងតួមេទ័ពទេវតា មុននឹងបញ្ចប់ការងារដំឡើងព្រះកេសនៃចម្លាក់កូរសមុទ្រទឹកដោះគម្រោងជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ។

    សូមជម្រាបថា ព្រះកេសទេវតានិងព្រះកេសអសុរាចំនួន១៣ត្រូវបានរកឃើញក្នុងពេលធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាដែលក្នុងនោះប្រទះឃើញព្រះកេសទេវតាចំនួន៦ (ព្រះកេសពេញរូបរាងចំនួន៤ និងពាក់កណ្ដាលចំនួន២) និងព្រះកេសអសុរាចំនួន៧ (ព្រះកេសពេញរូបរាងចំនួន៦ និងពាក់កណ្ដាលចំនួន១)។ គម្រោងជួសជុលខ្លោងទ្វាតាកាវ ជាគម្រោងជួសជុលរបស់អាជ្ញាធរជាតិអប្សរា ដែលមានការឧបត្ថម្ភពីវិស័យឯកជន៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    Share This Post: