រដ្ឋមន្រ្តីសុខាភិបាលកម្ពុជា នឹងយកវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥០ម៉ឺនដូសបន្ថែមទៀត និង រថយន្តដឹកវ៉ាក់សាំងចំនួន២គ្រឿង ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី០៣ ខែធ្នូ ខាងមុខ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានជួបពិភាក្សាជាមួយឯកឧត្តម Bounfeng Phoummalaysith រដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវ ដែលអមដំណើរនាយករដ្ឋមន្រ្តីឡាវ មកបំពេញទស្សនកិច្ចនៅកម្ពុជា។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និង វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀតដល់រដ្ឋាភិបាលនិងប្រជាជនឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ថវិកា៣លានដុល្លារជារបស់រាជរដ្ឋាភិបាល និង១០លានដុល្លាររបស់ក្រុមហ៊ុនឯកជន។ ការប្រកាសផ្តល់ជំនួយជាថវិកា និងវ៉ាក់សាំងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវនៅវិមាន សន្តិភាព នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន២គ្រឿង ដែលជាទឹកចិត្តសប្បុរសរបស់កម្ពុជា ក្នុងការជួយដល់ប្រទេសឡាវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នឹងត្រូវប្រគល់ដល់រដ្ឋាភិបាលឡាវ នាព្រឹកថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។
ពិធីប្រគល់វ៉ាក់សាំងនឹងធ្វើឡើងនៅព្រំដែនកម្ពុជា-ឡាវ ចំណុចព្រំប្រទល់ខេត្តស្ទឹងត្រែង ដោយភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង។
សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន ២០ម៉ឺនដូសជូនទៅរដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ វ៉ាក់សាំងជាជំនួយនេះ ត្រូវបានឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដឹកយកទៅជូនរដ្ឋាភិបាល និងប្រជាជនឡាវ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដែលបានឡើងនៅច្រកព្រំដែនកម្ពុជា-ឡាវ ត្រពាំងក្រៀល-ណុងណងខៀន ៕




ប្រភព៖ ក្រសួងព័ត៌មាន