កងរាជអាវុធហត្ថខេត្តបាត់ដំបងបញ្ជូនជនសង្ស័យកា-ប់រុករានដីព្រៃលិចទឹក ៧នាក់ទៅកាន់តុលាការ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីធ្វើការសាកសួរ មន្រ្តីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានសម្រេចបញ្ជូនខ្លួនជនសង្ស័យ ៧នាក់ ពាក់ព័ន្ធនឹងការរុករានទន្រ្ទានដីព្រៃលិចទឹកប្រមាណ ៥០ហិកតា ទៅកាន់តុលាការខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់នាម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី៣០ ខែវិច្ឆិកា។

ជនសង្ស័យទាំង ៧នាក់នេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត បញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជា មួយមន្រ្តីជំនាញជលផល ធ្វើការឃាត់ខ្លួន រួមជាមួយក្មេងប្រុសម្នាក់អាយុ១៣ឆ្នាំ កាលពីម៉ោង៦កន្លះព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈពួកគេដេកចាំនៅរោងក្បែរដីព្រៃដែលរុករានប្រមាណ ៥០ហិចតានោះ នៅចំណុច អូរកំបុត ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ទីតាំងដែលឃាត់ស្ថិតនៅតំបន់បី ដោយជនសង្ស័យទាំងនោះបានសារភាពថា ពួកគេបានរុករាន ធ្វើស្រែចំនួនបីលើកមកហើយ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថ និងមន្រ្តីជលផលឃាត់ខ្លួន។
ជនសង្ស័យទាំង ៧នាក់ ដែលឃាត់ខ្លួននេះរួមមាន៖
១.ឈ្មោះ ប៉ិប ហាក់ អាយុ ៣៦ឆ្នាំ
២.ឈ្មោះ ងួន គក់ ភេទប្រុស អាយុ ៤១ឆ្នាំ
៣.ឈ្មោះ គង់ ប៊ុនធឿន ភេទប្រុស អាយុ ២៤ឆ្នាំ
៤.ឈ្មោះ ងី ថង ភេទប្រុស អាយុ ២០ឆ្នាំ
៥.ឈ្មោះ គង់ សុរិន្ទ ភេទប្រុស អាយុ ៥៤ឆ្នាំ
៦.ឈ្មោះ ប៉ិប ផន ភេទប្រុស អាយុ ៣០ឆ្នាំ (អ្នកទាំង ៦នាក់ជាកសិករ រស់នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ)
និងទី៧. ឈ្មោះ ងួន វណ្ណ ភេទប្រុស អាយុ ២៦ឆ្នាំ កសិករ រស់នៅភូមិពេជ្រសង្វា ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ និង ជនសង្ស័យទី៨.ឈ្មោះ ហៃ ឆៃ អាយុ ១៣ឆ្នាំ រស់នៅភូមិគោកដូង ឃុំពាមឯកស្រុកឯកភ្នំ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ។
មន្រ្តីកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ការឃាត់ខ្លួននេះសមត្ថកិច្ចបានដកហូតត្រាក់ទ័រ មួយគ្រឿង គោយន្ត ១គ្រឿង កាណូតស្មាច់ ២គ្រឿង និងម៉ាស៊ីនកាណូតមួយគ្រឿង។
សូមបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យរុករានដីព្រៃលិចទឹកខាងលើនេះ ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាល បានប្រកាសឱ្យបង្រ្កាបនិងដកហូតដីព្រៃលិចទឹកដែលជនល្មើសបានរុករានទន្រា្ទន យកមកវិញទាំងអស់មិនលើកលែងឡើយ។ មន្រ្តីជំនាញឱ្យដឹងថា តាមច្បាប់ជលផលមាត្រា៩៨ ការឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក ត្រូវមានទោសជាប់ពន្ធនាគារពី ៣ឆ្នាំ ទៅ៥ឆ្នាំ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់គណៈកម្មាធិការទប់ស្កាត់និងបង្រ្កាបបទល្មើស ឬទន្រ្ទានដីព្រៃលិចទឹក នៅតំបន់បី នៅខេត្តបាត់ដំបង មានការរុករានដីព្រៃលិចទឹក ៤ស្រុក សរុបចំនួន ១២ ២២៥.៨ហិកតា ចំនួន ២៩ទីតាំង។ ក្នុងនោះ ស្រុកមោងឫស្សី មាន ៥ឃុំ ចំនួន ២២២៣,៧ហិកតា ចំនួន ១១ទីតាំង, ស្រុកឯកភ្នំ រុករាន៤ឃុំ ចំនួន ៣០៥៣ហិកតា, ស្រុកថ្មគោល រុករាន ៤ឃុំ ៨៣៥ហិចតា ៨ទីតាំង និង ស្រុកសង្កែ រុករាន៤ឃុំ អស់ ៦១១៤ហិកតា មាន ៦ទីតាំង ៕






ប្រភព៖ ក្រសួងព័ត៌មាន