ក្រសួងការងារ ពន្យាពេលសម្រាប់ស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសឆ្នាំ២០២២ រហូតដល់ដំណាច់ខែមករា
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង លេខ០៥៨/២១ ក.ប/ស.ជ.ណ.ម.ហ ស្តីពីការពន្យារពេលសម្រាប់ស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសឆ្នាំ២០២២។

ជាក់ស្តែង ក្រសួងបានពិនិត្យឃើញថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាសមួយចំនួននៅមានភាពយឺតយ៉ាវក្នុងដាក់ពាក្យស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស(កូតា) សម្រាប់ឆ្នាំ២០២២។ ចំពោះស្ថានភាពបែបនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជម្រាបជូនម្ចាស់ ឬនាយករោងចក្រសហគ្រាសថា ក្រសួងបានពន្យារពេលសម្រាប់ការស្នើសុំលិខិតអនុញ្ញាតប្រើប្រាស់់ហត្ថពលកម្មបរទេស(កូតា) សម្រាប់ឆ្នាំ២០២២ រហូតដល់ដំណាច់ខែមករា ឆ្នាំ២០២២។
ក្រសួងសូមក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងឡាយ ដែលមានសេចក្ដីត្រូវការប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២២ ត្រូវប្រញាប់ដាក់សំណើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស(កូតា) ឲ្យបានមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ជាកំហិត។ ចំពោះការខកខានមិនបានស្នើសុំការអនុញ្ញាត ក្រសួងនឹងចាត់វិធានការផាកវិន័យតាមទោសប្បញ្ញត្តិក្នុងជំពូកទី១៦ នៃច្បាប់ស្ដីពីការងារ។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រសហគ្រាស ទាំងអស់នឹងអនុវត្តតាមសេចក្ដីជូនដំណឹងនេះដោយប្រសិទ្ធភាព ៕
