រាជរដ្ឋាភិបាលជប៉ុន សម្រេចផ្អាកការធ្វើដំណើរចូលប្រទេសជប៉ុនជាបណ្ដោះអាសន្ន ចំពោះអ្នកដំណើរថ្មី កម្មសិក្សាការី-ពលករជំនាញកម្ពុជា រយៈពេល១ខែ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងលេខ០៥៩/២១ ក.ប/ស.ជ.ណ.ម.ហ ស្តីពីការផ្អាកការធ្វើដំណើរចូលប្រទេសជប៉ុនជាបណ្តោះអាសន្នសម្រាប់កម្មសិក្សាការី-ពលករជំនាញកម្ពុជា។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានកិត្តិយសសូមជម្រាបជូនដំណឹងសមាគមន៍ទីភ្នាក់ងារជ្រើសរើសឯកជន ទីភ្នាក់ងារជ្រើសរើសឯកជន និងកម្មសិក្សាការី-ពលករជំនាញ ដែលត្រៀមចេញដំណើរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ឲ្យបានជ្រាបថា ដើម្បីបង្ការការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះ អូមីក្រុង “Omicron” រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្អាកការធ្វើដំណើរចូលប្រទេសជប៉ុនជាបណ្ដោះអាសន្នចំពោះអ្នកដំណើរថ្មី រួមទាំងកម្មសិក្សាការី-ពលករជំនាញកម្ពុជាដែលត្រៀមចេញដំណើរទៅធ្វើការនៅប្រទេសជប៉ុនផងដែរ សម្រាប់រយៈពេល ០១ខែ គិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ទីភ្នាក់ងារជ្រើសរើសឯកជន និងកម្មសិក្សាការី-ពលករជំនាញដែលត្រៀមចេញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ជ្រាបជាព័ត៌មានតាមការគួរ ៕
