ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យោធាថៃ ឃាត់ខ្លួនពលករខ្មែរចំនួន៣៧នាក់ ដែលលបលួចឆ្លងដែនចូលក្នុងប្រទេសថៃ ខុសច្បាប់ នៅស្រុកអារញ្ញ ខេត្តស្រះកែវ

    BY Khmernote Media December 6, 2021
    យោធាថៃ ឃាត់ខ្លួនពលករខ្មែរចំនួន៣៧នាក់ ដែលលបលួចឆ្លងដែនចូលក្នុងប្រទេសថៃ ខុសច្បាប់ នៅស្រុកអារញ្ញ ខេត្តស្រះកែវ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចតាមបន្ទាត់ព្រំដែន មានពលករខ្មែរបានចាញ់បោកមេខ្យល់ឆ្លងដែនខុសច្បាប់ត្រូវយោធាថៃឃាត់ខ្លួន នៅក្នុងភូមិសាស្ត្រ ស្រុកអារញ្ញ ខេត្តស្រះកែវ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១។

    ប្រភពដដែលថា៖ កងកម្លាំងអង្គភាពបូរផា សហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ បានចុះល្បាតក្នុងភូមិសាស្រ្តដែលខ្លួនទទួលខុសត្រូវ កាលពីយប់ថ្ងៃទី៣ ខែធ្នូ បានប្រទះឃើញពលករខ្មែរលួចឆ្លងដែនតាមច្រករបៀង ចូលប្រទេសថៃដោយខុសច្បាប់ចំនួន៣៧នាក់ ក្នុងនោះ ស្រី១៦ និងក្មេងស្រី០១នាក់ នៅបរិវេណភូមិខ្លងវ៉ាម៉ី ឃុំថាប់ព្រិក ស្រុកអារញ្ញ ខេត្តស្រះកែវ ។

    សូមបញ្ជាក់ថា៖ នៅពេលសមត្ថកិច្ចថៃសួរនាំបានឲ្យដឹងថា ពលករខ្មែរទាំងអស់ខាងលើ ធ្វើដំណើរមកពីខេត្តកំពង់ចាម,កំពត,ឧត្តមានជ័យ,បន្ទាយមានជ័យ,ពោធិ៍សាត់,បាត់ដំបង,ព្រៃវែង និងសៀមរាប ប្រទេសកម្ពុជា ក្នុងគោលបំណងធ្វើដំណើរទៅធ្វើការនៅទីក្រុងបាងកក,ខេត្តប្រាជីន បុរី,រ៉ះយ៉ង,នគររាជ សីម៉ា និងណះខន ប៉ះធំ ក៏ត្រូវសមត្ថកិច្ចថៃធ្វើការឃាត់ខ្លួន បញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការតាមនិតិវិធី និងអនុវត្តតាមវិធានរបស់សុខាភិបាលបន្ត។​

    បន្ទាប់មកកម្លាំងទាហានប្រាណទី១៣ ប្រចាំស្រុកអារញ្ញ បាននាំកម្លាំងដើរល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ និងបានប្រទះឃើញពលរដ្ឋខ្មែរលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ចំនួន៤នាក់ទៀត ក្នុងនោះប្រុសម្នាក់ ស្រីម្នាក់ ក្មេងប្រុសម្នាក់ និងក្មេងស្រីម្នាក់ នៅបរិវេណភូមិដូង ឃុំបិរ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ពេលសមត្ថកិច្ចថៃសួរនាំ ពួកគេបានប្រាប់ថា ពួកគេធ្វើដំណើរមកពីខេត្តកំពង់ចាម ប្រទេសកម្ពុជា ចង់ធ្វើដំណើរចូលទៅធ្វើការនៅខេត្តស្រះកែវ ទើបសមត្ថកិច្ចថៃឃាត់ខ្លួន បញ្ជូនទៅឲ្យសមត្ថកិច្ចខ្លងលឹក ដើម្បីចាត់ការតាមនិតិវិធីបន្តផងដែរ៕

    ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

    Share This Post: