ព័ត៌មានជាតិ

រាជរដ្ឋាភិបាលត្រៀមសាងសង់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ដ៏ធំ នៅរាជធានីភ្នំពេញ

BY
srey nuch
December 6, 2021

ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានដាក់បទបញ្ជាឱ្យក្រសួងសុខាភិបាលនិងសាលារាជធានីភ្នំពេញ រៀបចំជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ថ្មី ដែលត្រូវផ្ទេរអ្នកជំងឺដែលកំពុងសម្រាកនៅស្ដាតអូឡាំពិក ហើយយកស្ដាតអូឡាំពិក ត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នាពេលខាងមុខ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា យ៉ាងយូរបំផុត ត្រឹមដំណាច់ខែធ្នូនេះ នឹងត្រូវបញ្ចប់ការខ្ចីទីកន្លែងឯកជនផ្សេងៗសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយសាលារាជធានីភ្នំពេញនិងក្រសួងសុខាភិបាល ត្រូវសិក្សា បង្កើតមណ្ឌលព្យាបាលអ្នកជំងឺកូវីដនេះថ្មី ដើម្បីផ្ទេរអ្នកជំងឺ ពីស្ដាតអូឡាំពិក។

សម្តេចតេជោ បានបញ្ជាក់ថា ការសាងសង់មន្ទីរពេទ្យធំមួយនេះ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ជាមណ្ឌលព្យាបាលធំជាងគេនៅកម្ពុជា និងដាក់សម្ភារវេជ្ជសាស្ត្រសម្រាប់ព្យាបាលអ្នកជំងឺ កូវីដ១៩ និងជា មន្ទីរពេទ្យថ្នាក់ជាតិផងដែរ ដូចជាការបំពាក់ ម៉ាស៊ីនតាមដានសញ្ញាជីវិតរបស់អ្នកជំងឺ និងម៉ាស៊ីនថប់ដង្ហើម ម៉ាស៊ីនបូមស្លេស្មជាដើម។

សំឡេង៖ «ឥឡូវនេះ ខ្ញុំសុំឱ្យ ក្រសួងសុខាភិបាល ទំនាក់ទំនងគ្នាជាមួយអាជ្ញាធររាជធានីភ្នំពេញ យើងអាចនឹងធ្វើមជ្ឍមណ្ឌលកូវីដមួយ រួចហើយយើងផ្ទេរអ្នកជំងឺចេញ ប្រគល់ស្តាតដើម្បីរៀបចំកីឡាស៊ីហ្គេម ។ គម្រោងរៀបចំមន្ទីរពេទ្យនេះ ដែលបានប្រកាសថ្ងៃនេះ ដើម្បីជាដំណឹង ជូនទៅគណៈកម្មាធិការសម្រាប់ការរៀបចំស៊ីហ្គេមឆ្នាំ២០២៣ផង គណៈកម្មាធិការអូឡាំពិកផង ក្រសួងសុខាភិបាលផង និងក្រសួងសេដ្ឋកិច្ចផង អ៊ីចឹងយើងធ្វើមន្ទីរពេទ្យ។

កន្លងមកយើងមាន ប៉ុន្តែយើងខ្ចីមជ្ឈមណ្ឌលឯកជន ឥឡូវត្រូវបើកដំណើរការឡើងវិញ កាលពីដើមគេការ និងកន្លែងធ្វើការ យើងយកមកព្យាបាលប៉ុន្តែឥឡូវអស់អ្នកជំងឺហើយ យើងត្រូវផ្ទេរយូរបំផុតចុងខែ១២នេះផ្ទេរឱ្យចប់ ។ អ៊ីចឹងយើងនៅតែមណ្ឌលអូឡាំពិកមួយទេ បន្ទាប់ពីនេះយើងនឹងធ្វើការសាងសង់មន្ទីរពេទ្យមួយថ្មី ដោយបំពាក់ឧបករណ៍សម្ភារៈ ឱ្យគ្រប់គ្រាន់ រួចហើយចាប់ផ្តើម ផ្ទេរអ្នកជំងឺ ប្រគល់ស្តាតជូនទៅផ្នែកកីឡាវិញ »៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: