មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បានក្រើនរំលឹកដល់សិស្សានុសិស្សដែលត្រូវប្រឡងបាក់ឌុបត្រូវខិតខំរៀនសូត្រ ខណៈជិតដល់ថ្ងៃប្រឡង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹកដល់សិស្សានុសិស្សដែលត្រូវប្រឡងបាក់ឌុប ត្រូវខិតខំរៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អ តាមទិសស្លោក អ្នកចេះគឺជាប់ ខណៈថ្ងៃប្រឡងខិតជិតមកដល់នៅចុងខែនេះ។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ក្រសួងអប់រំ នៅតែបន្ដពង្រឹង ការលើកកម្ពស់គុណភាពប្រឡងឱ្យបានល្អដូចឆ្នាំមុនៗ ដើម្បីទទួលបានធនធានមនុស្សដែលមានសមត្ថភាពពិត ប្រាកដសម្រាប់បម្រើកិច្ចអភិវឌ្ឍន៍ជាតិ។ ឯកឧត្តមបានបន្ថែមថា ដើម្បីទទួលបានលទ្ធផលល្អ តាមទិសស្លោក អ្នកចេះគឺជាប់ សូមបេក្ខជនប្រឡងបាក់ឌុប ត្រូវបន្តខិតខំរៀនសូត្រផង និងថែរក្សាសុខភាពផង ទោះបីបានចាក់វាក់សាំងរួចហើយក៏ដោយ ត្រូវប្រកាប់ខ្ជាប់ ៣កុំ ៣ការពារ។
សំឡេង៖ « សូមបេក្ខជនប្រឡងបាក់ឌុប បន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានស្របនឹងការចូលរួម ប្រតិបត្តិវិធានការសុវត្ថិភាពសុខភាព។ សូមបេក្ខជនប្រឡងបាក់ឌុប ប្រយ័ត្នប្រយែងពេលធ្វើដំណើរតាមដងផ្លូវ ដោយត្រូវបន្តគោរពច្បាប់ ចរាចរណ៍។ សូមបេក្ខជនប្រឡងបាក់ឌុប ញុំាឱ្យគ្រប់ គេងឱ្យគ្រាន់ ទឹកឱ្យក្រែល។ ខ្ញុំសូមជម្រាបជូនថា បច្ចុប្បន្ននេះ សិស្សានុសិស្សរៀនតាម កម្មវិធីសិក្សាបង្រួញ តាមរយ:ការអប់រំបែបចម្រុះគឺ សិស្សរៀនក្នុងថ្នាក់ឆ្លាស់វេនគ្នាផង រៀនអនឡាញផង ធ្វើស្វ័យសិក្សាផង អមដោយសន្លឹក កិច្ចការ និងមេរៀនសង្ខេប។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា នៅតែជូនធនធានអប់រំឌីជីថលសម្រាប់សិស្សានុសិស្សបន្តរៀន អនឡាញ គ្រប់កម្រិតថ្នាក់នៅទូទាំងប្រទេស»។
ឯកឧត្តម បញ្ជាក់ថា មាតាបិតា ក៏ជាចំណែកយ៉ាងសំខាន់ផងដែរក្នុងការជំរុញកូនៗ និងបេក្ខជនប្រឡងបាក់ឌុប ដូចនេះ ក្រសួងអប់រំ សូមអំពាវនាវដល់មាតាបិតាមេត្តាបន្តជួយដំណើរការរៀនសូត្រតាមគន្លងជីវិតថ្មីនៃវិស័យអប់រំ និងសូមមាតាបិតាបន្តលើកទឹកចិត្ត ដល់ពួកគាត់ ឱ្យអនុវត្តលំហាត់និងរៀនបន្ថែមនៅផ្ទះ ជាពិសេសសូមមាតាបិតារៀបចំទឹក ម៉ាស់ អាល់កុលលាងដៃ ឱ្យបេក្ខជនយកមកមណ្ឌលប្រឡង បាក់ឌុប។ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណ ចំពោះបុគ្គលិកអប់រំ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ និង គ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមលើកកម្ពស់ការបង្រៀន រៀន និងការចូលរួមគាំទ្រដំណើរការប្រឡងបាក់ឌុបគ្រប់ដំណាក់កាល មុននិងក្នុងបរិបទជំងឺកូវីដ-១៩ ៕


ប្រភព៖ ក្រសួងព័ត៌មាន