ក្រសួងសុខាភិបាល ហាមឃាត់គណនីហ្វេសប៊ុកទាំងនេះដែលកំពុងផ្សព្វផ្សាយ លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការហាមឃាត់គណនីសង្គមហ្វេស ប៊ុក ចំនួន ២គណនី ដែលបានផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាង គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។

យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេស ប៊ុក មានគណនីឈ្មោះ Angel Secret កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងជាច្រើនប្រភេទ ដូចជា៖ ១.Angel Secret Remove make up Cleanse ២.Angel Secret Facial Cleanser ៣.Angel Secret 24K Gold ៤.Angel Secret Melasma Cream ៥.Angel Secret Body Lotion ៦.Angel Secret Sun Screen ៧.Secret Bath Mix Collagen x3 ៨.Angel Secret Intensive Whitening Angel និងគណនីហ្វេស ប៊ុក មួយទៀតឈ្មោះ Jody Direen កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាតឈ្មោះ រួមមាន៖ ១.Baby serum White and Smooth Face ២.វិមាន Vitamin C Day Cream ៣.វិមាន Vitamin C Night Cream ដែលគ្មានលេខ ប្រវេទន៍ពីក្រសួងសុខាភិបាលឡើងគិតត្រឹមថ្ងៃ០១ ខែធ្នូ ឆ្នាំ២០២១។
ដើម្បីជៀសវាងការខាត់បង់ប្រាក់ និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវប្រើប្រាស់ផលិតផលគ្រឿងសម្អាងដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលខាងលើជាដាច់ខាត ព្រោះផលិតផលទាំងនេះពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពបានឡើយ។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេស ប៊ុកទាំង ២នេះ ដែលបាននិងកំពុងនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ផលិតផលខាងលើនេះ ទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន ៕





