ព័ត៌មានជាតិ

ម្ចាស់ឡានស៊េរីទំនើបស្លាកលេខ កម្ពុជា MENG.007 ដែលចតខុសច្បាប់ ហើយបំបែកសោរបស់សមត្ថកិច្ចបើកគេចទៅបាត់នោះ ឥលូវចូលខ្លួនទទួលកំហុសហើយ

BY
Khmernote Media
December 16, 2021

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ មានករណីរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Alphard ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា MENG.007 បានខុសច្បាប់ចរាចរណ៍ ដោយចតរថយន្តកន្លែងផ្លាកសញ្ញាហាមឃាត់ នៅចំណុចមុខហាងកាហ្វេដូងក្រអូប មណ្ឌលគីរី តាមផ្លូវ១៦៣កែងផ្លូវ៤៨៦ ស្ថិតនៅភូមិ៣ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយមកក៏ត្រូវសមត្ថកិច្ចបានយកសោទៅចាក់ ប៉ុន្តែត្រូវម្ចាស់រថយន្តព្យាយាមគាស់បំបែកសោ រួចបើកចេញទៅបាត់។

ក្រោយមកសមត្ថកិច្ចខណ្ឌចំការមនបានប្រកាស និងជំរាបដល់ម្ចាស់រថយន្តខាងលើសូមឲ្យមកធ្វើការដោះស្រាយ បើមិនចូលខ្លួនមកទេនោះ សមត្ថកិច្ចខណ្ឌចំការមន និងតម្រូវអោយម្ចាស់រថយន្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ហើយក៏គេចមិនរួចដែរបើព្រហើននោះ។ លុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ម្ចាស់រថយន្ត Alphard ពាក់ស្លាកលេខ កម្ពុជា MENG.007 ដែលខុសច្បាប់ចរាចរណ៍ចតរថយន្តកន្លែងស្លាកសញ្ញាហាមឃាត់រួចសមត្ថកិច្ចបានយកសោទៅចាក់ ប៉ុន្តែម្ចាស់រថយន្តព្យាយាមគាស់បំបែកនិងបើកចេញទៅបាត់នោះ ឥលូវនេះបានចូលខ្លួនមកសុំទោសនិងទទួលផាកពិន័យចំពោះមុខច្បាប់ហើយ។

ជនល្មើសឈ្មោះ ផ្លង រ៉ាយុទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៩១២ ផ្លូវលេខ២BT ភូមិសន្សំកុសល១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ម្ចាស់រថយន្តបានទទួលកំហុស និងធ្វើកិច្ចសន្យាចំពោះមុនសមត្ថកិច្ច ដោយឈប់ចតរថយន្តខុសច្បាប់លើដងផ្លូវសាធារណៈដែលមានផ្លាកសញ្ញាហាមចតនិងផ្លូវទៀតហើយ និងសន្យាមិនអោយខុសច្បាប់ជាលើកទី 2 ទៀតឡើយ៕

Share This Post: