មនុស្សម្នាប្រមាណជាង៤ម៉ឺននាក់បានមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់១៦ ខែធ្នូ ឆ្នាំ២០២១ ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរាឆេ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង៤ម៉ឺននាក់បានមកលេងកម្សាន្ត ហើយម្នាក់ៗសុទ្ធតែបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានចូលលេងកម្សាន្តក្នុងព្រឹត្តិការណ៍នេះ។

លោក ឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នេះជាលើកទីមួយហើយ ដែលអាជ្ញាធរជាតិអប្សរាបានរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរនេះឡើង គឺដើម្បីជាកិច្ចរំលឹកដល់គុណូបក្ការៈដែលបុព្វការីជនគ្រប់ជំនាន់ ជាពិសេសអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ ដែលបានកសាង និងការពារប្រាសាទអង្គរ តាំងពីរាប់សតវត្សរ៍មកហើយ ធ្វើឱ្យប្រាង្គប្រាសាទទាំងនោះនៅតែរឹងមាំ មកដល់សព្វថ្ងៃ។
លោកបន្តថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែល បានមកលេងកម្សាន្ត បានបង្ហាញសេចក្តីពេញចិត្តដែលអាជ្ញាធរជាតិអប្សរាបានរៀបចំឱ្យមានកម្មវិធីនេះឡើង ពួកគេគាំទ្រឱ្យមានការរៀបចំកម្មវិធីនេះនៅឆ្នាំបន្តបន្ទាប់ទៀត។
លោកបន្តថា រយៈពេល២៩ឆ្នាំកន្លងមកនេះ យើងបានបង្ហាញនូវសមិទ្ធិផលធំៗដែលអាចឱ្យពួកគាត់មានជំនឿចិត្ត និងជឿជាក់មកលើអាជ្ញាធរជាតិអប្សរាថា អ្វីដែលយើងបានខិតខំទាំងអស់នេះកន្លងមកពុំសូវបានដឹងទេ ហើយគាត់ក៏មានការភ្ញាក់ផ្អើលដែរនូវអ្វីដែលយើងបានបំពេញ ជាពិសេសការបំពេញកិច្ចការងារអភិរក្ស ការងារជួសជុលប្រាសាទ ។
សូមជម្រាបដែរថា ព្រឹត្តិការណ៍រំលឹកគុណអង្គរ គ្រោងនឹងរៀបចំឡើង ជារៀងរាល់ឆ្នាំ ដោយយកឆ្នាំ២០២១នេះ គឺជាឆ្នាំសាកល្បង។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណង រំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជន ដែលលោកបានកសាងនិងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ។
ព្រឹត្តិការណ៍នេះមានការសម្តែងសិល្បៈល្ខោនស្រមោលស្បែកធំ កម្មវិធីពិព័រណ៍បង្ហាញសមិទ្ធិផលការងាររយ:ពេល២៩ឆ្នាំ កន្លងមករបស់អាជ្ញាធរជាតិអប្សរា និងស្នាដៃសិល្បៈផ្សេងៗ ដែលជាទំនៀមទម្លាប់ប្រពៃណី និងកម្មវីធីសម្តែងសិល្បៈ ល្ខោនបាសាក់ ដែលមានប្រជាពលរដ្ឋចូលទស្សនាគាំទ្រយ៉ាងច្រើន ក្នុងន័យជួយលើកកម្ពស់វិស័យវប្បធម៌ជាតិឱ្យបានរុងរឿងតទៅមុខទៀត៕




ប្រភព៖ ក្រសួងព័ត៌មាន