ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “វិមានកីឡដ្ឋាន” ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ និងជាជំនួយឥតសំណងនៃសាធារណរដ្ឋប្រជាមានិតចិន ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។យើងខ្ញុំជាថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សគ្រប់រូប សូមសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ មាតុភូមិ។
ជាមួយនឹងសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្តនេះ ព្រះរាជាណាចក្រកម្ពុជាក៏បាន និងកំពុងហ្វឹកហាត់ ដុសខាត់សមត្ថភាពកីឡាករ កីឡាការិនី សម្រាប់ត្រៀមលក្ខណៈប្រកួតដើម្បីដណ្ដើមជ័យជំនះក្នុងនាមជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣ខាងមុខ។
សូមជម្រាបថា វិមានកីឡដ្ឋាន ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧កន្លងទៅនេះ លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា សំណង់ទំហំប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ អាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ដែលអាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិកម្រិតពិភពលោក៕









ប្រភព៖ MoEYS Cambodia