ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធគាំទ្រយុទ្ធនាការផ្សព្វផ្សាយស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ២០២៣
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាគាំទ្រយុទ្ធនាការផ្សព្វផ្សាយស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដើម្បីឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ទទួលបានការគាំទ្រនិងប្រកបដោយជោគជ័យ។

ថ្លែងក្នុងពិធីបើកសម្ពោធវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡា SEA Gamesនិង ASEAN Para Games ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងនាមរាជ រដ្ឋាភិបាលកម្ពុជា សម្តេចសូមដាក់ចេញនូវចក្ខុវិស័យតម្រង់ទិស ដើម្បីប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយ ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដោយក្រសួងស្ថាប័នរាជធានីខេត្ត មន្ទីរអង្គភាពនិងកងកម្លាំងមានសមត្ថកិច្ចត្រូវចូលរួមផ្សព្វផ្សាយប្រកបដោយប្រសិទ្ធិភាព នូវព្រឹតិការណ៍នេះ តាមគ្រប់រូបភាពនិងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗរបស់ខ្លួន ឱ្យបានផុលផុសនៅគ្រប់ទីកន្លែង ។
សំឡេង « ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូត ស្ថានតំណាងនៅក្រៅប្រទេស ត្រូវចូលរួមយុទ្ធនាការការទូត និងកិច្ចការបរទេសកីឡា ដោយដាក់របៀបវារៈនៃការផ្សព្វផ្សាយ ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ជាលើកដំបូង ដោយប្រើប្រាស់គ្រប់វេទិកាសវនាការ ជំនួបទ្វេភាគី ពហុភាគី ដែលជាឱកាសក្នុងការផ្សព្វផ្សាយដោយផ្ទាល់ ដើម្បីស្វែងរកការឧបត្ថម្ភគាំទ្រ ជាលក្ខណៈអន្តរជាតិ » ។
សម្តេចតេជោ បន្តថា ត្រូវរួមគ្នាលើកកម្ពស់កត្តិយសនិងមុខមាត់កម្ពុជា តាមរយៈឥទ្ធិពលកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ក្នុងយុទ្ធនាការអប់រំសង្គម និងផ្សព្វផ្សាយកីឡារស់ក្នុងសន្តិភាព ប្រជាជនម្នាក់លេងកីឡាមួយមុខ កម្ពុជាស្អាតកម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន ។ បន្ថែមពីនោះទៀត គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ត្រូវមានស្មារតីទទួលខុសត្រូវ ចំពោះការរៀបព្រឹតិការណ៍នេះ ដោយគោរពតាមគោលការណ៍កីឡាបៃតង និងកីឡាស្អាតស្អំ ដើម្បីរក្សាសេចក្តីថ្លៃថ្នូរ កត្តិយសក្នុងនាមជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ជាលើកដំបូងនេះ។
សហព័ន្ធកីឡាជាតិ កីឡាករ កីឡាការិនី និងកីឡាករ កីឡាការិនីជនពិការ សូមខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញានិងស្មារតី ក្នុងការហ្វឹកហាត់ជំនាញវិជ្ជាជីវៈ និងបំពេញបេសកកម្មរៀងៗខ្លួន ជាមួយនិងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍នេះ ។ សម្តេចតេជោ ក៏សូមអំពាវនាវ វិស័យឯកជន ចូលរួមឧបត្ថម្ភគាំទ្រ ដល់មូលនិធិការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ដើម្បីរួមចំណែកគាំទ្រក្នុងការចំណាយរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ ៕








ប្រភព៖ ក្រសួងព័ត៌មាន