ក្រុមចោរប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី បានយករថយន្ត ដែលជិះធ្វើសកម្មភាព ទៅប្លុងចោល ហើយមានបំណងដុតកំទេចចោលបំផ្លាញភស្តុតាង
កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីគឺឧកញ៉ា អ៊ាន សៀវម៉ី បានហើយ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។ នៅក្នុងប្រតិបត្តិការណ៍បង្ក្រាបនេះដែរ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួនដែលក្រុមចោរប្លន់បាន ដោយក្រុមចោរប្លន់ទាំងនោះបានលាក់ខ្លួននៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រាប់មកក្រុមអ្នកសារព័ត៌មាន។

យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងផងដែរថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋានជំនាញពាក់ព័ន្ធ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បានស្រាវជ្រាវ និងដេញឃាត់បានរថយន្តដែលជនសង្ស័យបានប្រើប្រាស់ក្នុងករណីប្លន់កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរីញូថោន ខណ្ឌពោធិ៍សែនជ័យ ។ ដោយស្ថានភាពងងឹតខ្លាំង កម្លាំងជំនាញបានប្រដេញរថយន្តនេះ រហូតជនសង្ស័យបានបើកទ្វារលោតគេចខ្លួនចូលក្នុងគុម្ពព្រៃ ពេលនេះសមត្ថកិច្ចកំពុងធ្វើការឡោមព័ទ្ធទីតាំងនោះ ដើម្បីបន្តរុករកជនសង្ស័យ ដែលរត់គេចខ្លួន ។ ដោយពិនិត្យឃើញមានដបសាំងក្នុងរថយន្ត សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថា ជនសង្ស័យមានបំណងបើករថយន្តទៅកន្លែងស្ងាត់ដើម្បីដុតកំទេចចោលបំផ្លាញភស្តុតាង ៕
