ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ និងកន្លែងលក់ម្ហូបអាហារ សូមកុំដំឡើងថ្លៃនៅថ្ងៃប្រឡងបាក់ឌុប

    BY Khmernote Media December 21, 2021
    រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ និងកន្លែងលក់ម្ហូបអាហារ សូមកុំដំឡើងថ្លៃនៅថ្ងៃប្រឡងបាក់ឌុប

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងអប់រំ បានអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ និងកន្លែងលក់ម្ហូបអាហារ សូមកុំដំឡើងថ្លៃនៅថ្ងៃប្រឡងបាក់ឌុប ដើម្បីជួយបង្កលក្ខណៈងាយស្រួល ដល់បេក្ខជនប្រឡង និងលោកគ្រូអ្នកគ្រូ។

    នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ស្ដីពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា ការមិនដំឡើងថ្លៃផ្ទះសំណាក់និងម្ហូបអាហារ គឺបានសម្រាលការលំបាក របស់បេក្ខជនប្រឡង និងអ្នកគ្រូ លោកគ្រូដែលមកបំពេញ ការងារដល់ដំណើរការប្រឡង។

    ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ទៀតថា ដើម្បីសម្រួលការស្នាក់នៅរបស់បេក្ខជនប្រឡង កន្លងទៅនេះ អាជ្ញាធរខេត្តមួយចំនួន ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានប្រកាសផ្តល់នូវការគាំទ្រដល់បេក្ខជន ដែលនឹងត្រូវប្រមូលផ្តុំនៅតាមមណ្ឌលប្រឡងតាមរាជធានីខេត្ត ដោយនៅតាមខេត្តខ្លះ ក្រសួងក៏បានអនុញ្ញាតឱ្យរៀបចំប្រឡងនៅតាមស្រុក ដើម្បីសម្រួលដល់បេក្ខជន ជួយគាំទ្រដល់ការប្រឡងដូចជា ការផ្ញើកង់ ការស្នាក់នៅ ហើយខេត្តខ្លះ ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តនីមួយៗក៏បានជួយឧបត្ថម្ភដល់បេក្ខជន ដើម្បីឱ្យបេក្ខជនមានលទ្ធភាពក្នុងការស្នាក់នៅទទួលទានអាហារ ដើម្បីសុវត្ថិភាពផងដែរ។

    សំឡេង៖ «ខ្ញុំសូមអំពាវនាវដល់ផ្ទះសំណាក់ ដល់កន្លែងលក់ម្ហូបអាហារជាដើម សូមបង្កលក្ខណៈងាយស្រួល ដល់បេក្ខជនរបស់យើង ដល់លោកគ្រូ អ្នកគ្រូ ដែលមកបំរើការងារនៃការប្រឡងនេះ ដោយសារតែនៅក្នុងបរិបទកូវីដនេះ យើងត្រូវតែមានស្មារតីជួយគ្នាទៅវិញទៅមក។ បើកន្លែងណាដែលមានសប្បុរសជន អាចជួយផ្តល់នូវការឧបត្ថម្ភគាំទ្របាន សូមអំពាវនាវដល់សប្បុរសជន ជួយឧបត្ថម្ភគាំទ្រដល់បេក្ខជន ដល់លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលត្រូវបំពេញការងារ ក៏ដូចជាសិស្សានុសិស្ស ដែលមកប្រឡងនៅតាមទីរួមខេត្ត ក៏ដូចជានៅរាជធានីភ្នំពេញ ដើម្បីបង្ហាញពីស្មារតីជួយគ្នាទៅវិញទៅមក ស្រឡាញ់គ្នាទៅវិញទៅមក នៅក្នុងស្មារតីស្នេហាជាតិ នៅក្នុងបរិបទកូវីដ១៩នេះ»។

    សូមបញ្ជាក់ថា កាលបរិច្ឆេទសំខាន់ៗ នៃការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១នេះរួមមាន ដំណើរ ការសំណេរនឹងប្រព្រឹត្តទៅក្នុង រយៈពេល២ថ្ងៃ គឺថ្ងៃទី២៧- ២៨ ខែធ្នូ ឆ្នាំ២០២១, ដំណើរ ការកំណែនឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី០៥ ខែ មករា ឆ្នាំ២០២២, ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ នឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២២, ។ បន្ថែមពីនេះទៀត ក្រសួងកំណត់យកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: