ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសង្ឈឹមថា វ៉ាក់សាំងរបស់អូស្ត្រាលី នឹងបញ្ជូនមកដល់កម្ពុជា នាយប់ ថ្ងៃទី២៦ និងថ្ងៃទី២៨ធ្នូ ខាងមុខនេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសង្ឈឹមថា វ៉ាក់សាំងរបស់អូស្ត្រាលី Pfizer នឹងបញ្ជូនមកដល់កម្ពុជា នាយប់ថ្ងៃទី២៦ និងថ្ងៃទី២៨ធ្នូ ខាងមុខនេះ ដើម្បីចូលរួមបង្កើនភាពសុំា និងការពារសុខុមាលភាពប្រជាពលរដ្ឋខ្មែរ។

តាមរយៈសារសំឡេងមួយប្រកាសបិទបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឥទ្ធិពលនៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ បានជួយឱ្យប្រជាពលរដ្ឋកម្ពុជា ជាច្រើនទទួលបានភាពសុំា និងកាត់បន្ថយអត្រាមរណភាពបានយ៉ាងច្រើន ។ ដូច្នេះហើយ សម្តេច តេជោ បានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត រួមមាន ៖ ចិន ជប៉ុន អង់គ្លេស អាមេរិក ហូឡង់ ដែលបានផ្តល់ជំនួយវ៉ាក់សាំងមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ ដើម្បីរួមចំណែកទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ-១៩នេះ។
សំឡេង៖ « សង្ឃឹមថានៅថ្ងៃអាទិត្យខាងមុខនេះ វ៉ាក់សាំងរបស់អូស្ត្រាលី Pfizer នឹងបញ្ជូនមកដល់ កម្ពុជានៅយប់ថ្ងៃទី២៦ និងថ្ងៃទី២៨ ប្រមាណជា ២លាន៣សែនដូសបន្ថែមទៀត ខណៈដែលភាព សុំានៅក្នុងសហគមន៍នោះឯង ដែលអាចកាត់បន្ថយបាននូវការឆ្លងនិងកាត់បន្ថយបាននូវការស្លាប់ ព្រោះដោយសារឥទ្ធិពលនៃវ៉ាក់សាំងនេះហើយ ទើបយើងកាត់បន្ថយបានចំនួនឆ្លង ហើយបើឆ្លងទៅគឺមិននាំទៅដល់ភាពធ្ងន់ធ្ងរ និងឈានទៅដល់ការស្លាប់នោះទេ » ។
សូមបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលរកវ៉ាក់សាំងបានលឿន សម្រាប់ចាក់ជូនប្រជាពលរដ្ឋ តាមរយៈផែនការមួយដ៏ច្បាស់លាស់ ទាំងការបញ្ជាទិញ ទាំងការទទួលជំនួយពីប្រទេសជាមិត្ត និងមជ្ឈមណ្ឌលកូវ៉ាក់។ មកដល់ពេលនេះ កម្ពុជារកបានវ៉ាក់សាំងសរុបជាង៤០លានដូសហើយ ។ ម្យ៉ាងវិញទៀត ប្រទេសអូស្ត្រាលីគឺជាប្រទេសទី៦ នៅក្នុងចំណោមប្រទេស ដែលបានផ្ដល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកម្ពុជា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតាមរយៈយន្តការកូវ៉ាក់ ៕

ប្រភព៖ ក្រសួងព័ត៌មាន