ក្រសួងការងារ ចេញលិខិតអញ្ជើញបងប្អូនកម្មករនិយោជិតចំនួន ៣៦០នាក់ ដែលត្រូវបានកាត់បន្ថយដោយក្រុមហ៊ុន ណាហ្គាវើលដ៍ និងមិនទាន់ឯកភាពក្នុងការទទួលយកការទូទាត់ប្រាក់បំណាច់ផ្ដាច់កិច្ចសន្យាការងារចូលរួមប្រជុំបន្តរកដំណោះស្រាយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាអគ្គលេខាធិការដ្ឋាន បានចេញលិខិតអញ្ជើញបងប្អូនកម្មករនិយោជិតចំនួន ៣៦០នាក់ ដែលត្រូវបានកាត់បន្ថយដោយក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត និងមិនទាន់ឯកភាពក្នុងការទទួលយកការទូទាត់ប្រាក់បំណាច់ផ្ដាច់កិច្ចសន្យាការងារចូលរួមប្រជុំបន្តរកដំណោះស្រាយ។

យោងកំណត់ហេតុនៃកិច្ចប្រជុំស្ដីពីការដោះស្រាយវិវាទការងារ នៃក្រុមហ៊ុន ណាហ្គាវើសដ៍ លីមីធីត កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមអញ្ជើញបងប្អូនកម្មករនិយោជិតចំនួន ៣៦០នាក់ ដែលត្រូវបានកាត់បន្ថយដោយក្រុមហ៊ុន ណាហ្គាវើលដ៍ និងមិនទាន់ឯកភាពក្នុងការទទួលយកទូទាត់ប្រាក់បំណាច់ផ្ដាច់កិច្ចសន្យាការងារ ចូលរួមប្រជុំបន្តរកដំណោះស្រាយសមស្របមួយដែលគ្រប់ភាគីនៃវិវាទអាចទទួលយកបាន ស្របតាមបទប្បញ្ញត្តិច្បាប់ និងផ្អែកលើសមភាពនិងសមធម៌ ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង៩ព្រឹក តទៅនៅសាលាប្រជុំ A នៃទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ បងប្អូនកម្មករ និយោជិតទាំងអស់អាចអញ្ជើញតំណាងសហជីព ឬអ្នកតំណាង ឬមេធាវីរបស់ខ្លួនមកចូលរួមជាមួយខ្លួនបាន ៕
