មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ណែនាំឱ្យបេក្ខជនប្រឡងបាក់ឌុប ត្រៀមខ្លួនឱ្យបានល្អ ដើម្បីទទួលបានលទ្ធផលល្អក្នុងថ្ងៃប្រឡងខាងមុខ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ បានណែនាំឱ្យបេក្ខជនប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិទំាងអស់ ត្រៀមខ្លួនឱ្យបានល្អដើម្បីទទួលបានជោគជ័យ និងលទ្ធផលល្អ នាពេលេខាងមុខ ខណៈថ្ងៃប្រឡងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែធ្នូខាងមុខនេះ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹកដល់ សិស្សានុសិស្សដែលត្រូវប្រឡងបាក់ឌុប នៅថ្ងៃទី ២៧-២៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខ ត្រូវតែបន្តអនុវត្ត វិធានការ បីការពារ បីកុំ និងគោរពច្បាប់ចរាចរណ៍ ក្នុងការរក្សាសុខសុវត្ថិភាពបុគ្គល និងគ្រួសារ ជាពិសេស បន្តត្រៀមខ្លួនប្រឡងបាក់ឌុប ដើម្បីទទួលបានលទ្ធផល សមតាមការខិតខំប្រឹងប្រែង។
ឯកឧត្តមបានឱ្យដឹងដែរថា ក្រសួងបានត្រៀមគណៈមេប្រយោគ និងគណៈកម្មការនានា ដែលចូលរួម ក្នុងដំណើរការប្រឡងមានចំនួន៣១,៤៣២នាក់ ហើយក្រសួង បានពង្រឹងកិច្ចសហការ យ៉ាងស្អិតល្មួត ជាមួយក្រសួង-ស្ថាប័ន ចំនួន៧ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើ ផ្ទៃប្រទេស, អង្គភាពប្រឆាំងអំពើពុករលួយ, សហព័ន្ធសហភាពយុវជនកម្ពុជា , អគ្គិសនីកម្ពុជា និង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។
ឯកឧត្តម ក៏សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេស មិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌល ប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត បើក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹង បទប្បញ្ញត្តិ នឹងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ ជាស្វ័យប្រវត្តិ។
សូមបញ្ជាក់ថា ក្រសួងអប់រំ នឹងរៀបចំការបិទបញ្ជីឈ្មោះបេក្ខជនប្រឡង នៅតាមរាជធានី-ខេត្ត ពីរដង គឺលើកទី១ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើល មណ្ឌលប្រឡង ត្រូវនឹងអក្ខរក្រមនៃឈ្មោះរបស់ខ្លួន និងលើកទី២ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពិនិត្យមើល និង បញ្ជាក់ម្ដងទៀត អំពីមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ ព្រមទាំងវាស់កម្ដៅសីតុណ្ហភាព របស់ បេក្ខជន៕


ប្រភព៖ ក្រសួងព័ត៌មាន