ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តសៀមរាបបង្ហាញថា ការរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកលនៅសហគមន៍ព្រៃឈើ ចង្ក្រានរយ គឺជាការប្រកាសបើកតំបន់ទេសចរណ៍ថ្មីមួយទៀត សម្រាប់ខេត្តសៀមរាប

    BY Khmernote Media December 22, 2021
    អភិបាលខេត្តសៀមរាបបង្ហាញថា ការរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកលនៅសហគមន៍ព្រៃឈើ ចង្ក្រានរយ គឺជាការប្រកាសបើកតំបន់ទេសចរណ៍ថ្មីមួយទៀត សម្រាប់ខេត្តសៀមរាប

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយ បញ្ចប់កិច្ចប្រជុំត្រៀមរៀបចំឆ្លងឆ្នាំសកលនៅសហគមន៍ព្រៃឈើចង្ក្រានរយ កាលពីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ថា ដើម្បីបើកទំព័រថ្មីទទួលភ្ញៀវទេសចរជាតិ និងបរទេស ក្រោយពី សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋភិបាលកម្ពុជា បានប្រកាសបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ កាលពីថ្ងៃទី២០ ខែធ្នូ កន្លងទៅថ្មីៗនេះ អាជ្ញាធរខេត្តសៀមរាបនឹងរៀប ចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកលឆ្នាំ២០២១ ចូល២០២២ខាងមុខ ចំនួនពីរទីតាំង សំខាន់ៗគឺ៖

    ទីតាំងទី១៖ នៅសួនច្បារជិតព្រះរាជដំណាក់ក្រុងសៀមរាប។
    ទីតាំងទី២៖ នៅសហគមន៍ ព្រៃឈើចង្ក្រានរយ នៃស្រុកវារិន្ទ ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ ធម្មជាតិ ដ៏មានសក្តានុពលក្រៅពីប្រាសាទ។

    ឯកឧត្តមបានបន្តថា នៅសហគមន៍ព្រៃឈើចង្ក្រានរយនេះ នឹងមានរៀបចំកម្មវិធី ជាច្រើននៅថ្ងៃឆ្លងឆ្នាំសកល ជាពិសេសគឺការផ្សារភ្ជាប់ជាមួយធម្មជាតិ ដែលមានព្រៃឈើ សត្វព្រៃនៅក្នុងសហគមន៍នេះតែម្តង។ សម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តសៀម រាប និងបានឃើញអ្វីដែលថ្មី នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយនេះ។ ដោយឥឡូវនេះ យើងបានរៀបចំហេដ្ឋាចរនាសម្ព័ន្ធជាច្រើន ទាំងអនាម័យ សន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ល្អប្រសើរ។

    ឯឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការធ្វើពិធីឆ្លងឆ្នាំសកលនៅសហគមន៍ព្រៃឈើ ចង្ក្រានរយនេះ គឺជាការបើកតំបន់ទេសចរណ៍ថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប ហើយនៅ តំបន់នេះមានសក្តានុពលទេសចរជាច្រើន ដែលអ្នកទេសចរដែលបានទៅទស្សនា និងមាន ការប្លែកភ្នែក ប្លែកអារម្មណ៍ ជាពិសេសកន្លែងថតរូបជាមួយទេសភាពនៃ ជួរភ្នំដ៏ស្រស់ស្អាត។

    លោក ឡាយ គឹមសួរ ប្រធានកិត្តិយសសមាគមសហគ្រិនវ័យក្មេង សាខា ខេត្តសៀមរាបបានឱ្យដឹងថា យោងតាមស្ថានភាពបច្ចុប្បន្ននេះ ទំនោរនៃការដើរកម្សាន្តរបស់ ប្រជាជនខ្មែរ ឃើញមានការកើនឡើង ក៏ប៉ុន្តែដោយសារកូវីដ-១៩ ស្ថានភាពនៃដំណើរ កម្សាន្តក៏មានការផ្លាស់ផងដែរ ដូច្នេះភ្នំចង្ក្រានរយ គឺជាតំបន់អេកូទេសចរណ៍ ដែលភ្ញៀវជាតិ និងបរទេសមានការចាប់អារម្មណ៍។

    លោកបន្តថា គម្រោងនៃការរៀបចំពិធីឆ្លងឆ្នាំថ្មី ឆ្នាំសកល (២០២១-២០២២) នៅ សហគមន៍ព្រៃឈើចង្ក្រានរយ គឺស្ថិតក្នុងគោលបំណងដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ ដ៏មានសក្តានុពលមួយនេះ ដែលកម្មវិធីឆ្លងឆ្នាំនេះ ស្ថិតក្រោមកិច្ចសហការគាំទ្រដោយ រដ្ឋបាលខេត្តសៀមរាប សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងមានការចូលរួមឧបត្ថម្ភដោយវិស័យឯកជន មួយចំនួន។ ក្នុងកម្មវិធីនេះ មានការបែងចែកជាពីរផ្នែក គឺបើកឱ្យមានការចូលរួមដោយសេរី ពីសំណាក់ប្រជាសហគមន៍ និងមានការរៀបចំលក់ជាកញ្ចប់ទស្សនកិច្ចនៃភ្ញៀវជាតិ និងភ្ញៀវ អន្តរជាតិផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: