សមត្ថកិច្ច ឃាត់ខ្លួនជនជាតិថៃប្រុស-ស្រី២៥នាក់ បញ្ជូនទៅប្រទេសកំណើតវិញ ពាក់ព័ន្ធលួចឆ្លងដែនមកធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ជនជាតិថៃប្រុស-ស្រី ចំនួន២៥នាក់ ត្រូវសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនបញ្ជូនទៅប្រទេសកំណើតវិញ នៅរសៀលថ្ងៃ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្រោយរកឃើញថា ពួកគេបានលួចឆ្លងដែនមកស្នាក់នៅនិងធ្វើការខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

ពិធីប្រគល់ទទួលភាគីកម្ពុជា-ថៃ បានធ្វើឡើងលើស្ពានមិត្តភាពកម្ពុជា-ថៃ នៅច្រកអន្តរជាតិប៉ោយប៉ែតឈមគ្នាច្រកខ្លងលឹក ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ផែនការងារអន្តោប្រវេសន៍ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការចូលរួមពីកម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី កម្លាំងអធិការដ្ឋានក្រុង ប៉ោយប៉ែត និងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោក៩១១ផងដែរ ។
លោកឧត្តមសេនីយ៍ត្រី អេង លីហួរ បានមានប្រសាសន៍ថា ជនជាតិថៃប្រុស-ស្រីទាំង២៥នាក់ ស្រី១១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងអាគារជួលមួយកន្លែង ខាងកើតជាប់បុរីសានហូរ ស្ថិតនៅក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក្រោយសមត្ថកិច្ចរកឃើញថា ពួកគេលួចឆ្លងដែនមកស្នាក់នៅនិងធ្វើការខុសច្បាប់ ៕









ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ