ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ការពិសោធន៍ចុងក្រោយបង្ហាញថា សុនខរបស់ ស៉ីម៉ាក់ អាចហិតរកឃើញកូវីដ-១៩ ដូចគ្នានឹងការប្រើឧបករណ៍ធ្វើតេស្ត

    BY Khmernote Media December 23, 2021
    ការពិសោធន៍ចុងក្រោយបង្ហាញថា សុនខរបស់ ស៉ីម៉ាក់ អាចហិតរកឃើញកូវីដ-១៩ ដូចគ្នានឹងការប្រើឧបករណ៍ធ្វើតេស្ត

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលហៅកាត់ថា CMAC បានឲ្យដឹងថា៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្រុមស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩ របស់អង្គភាពស៉ីម៉ាក់ និងក្រុមគ្រូទេព្យបានសហការធ្វើការផ្ទាល់ជាមួយគ្នា។ ហើយនេះជាដំណាក់កាលចុងក្រោយក្នុងជំហាននៃការងារស្រាវជ្រាវ ដោយត្រូវធ្វើការបញ្ជាក់ជាក់ស្តែងចំពោះអ្នកសង្ស័យ និងអ្នកជម្ងឺតែម្តងនៅមណ្ឌលកោះពេជ្រ និងនៅស្ទឹងមានជ័យ រាជធានីភ្នំពេញ។ លទ្ធផលបានល្អប្រសើរ ដោយប្រៀបធៀបជាមួយឧបករណ៍តេស្តតែម្តងគឺ “រកឃើញ” ដូចគ្នា។

    កាលពីពេលកន្លងទៅ ឯកឧត្តម ហេង រតនា ធ្លាប់បានឱ្យដឹងដែរថា ការធ្វើតេស្តសត្វសុនខកន្លងមក វាមានសមត្ថភាពហិតក្លិនកូវីដ១៩ ចំពោះមនុស្ស ដែលគ្មានជំងឺប្រចាំកាយផ្សេងៗ គឺមានតែជំងឺកូវីដ ១៩ តែមួយមុខប៉ុណ្ណោះ។ សត្វសុនខទាំងនេះ បានទទួលការហ្វឹកហ្វឺនជំនាញឱ្យហិតក្លិនលើអ្នកជំងឺទូទៅ ដែលមានផ្ទុកជាមួយជំងឺកូវីដ និងហ្វឹកហ្វឺនពីសមត្ថភាពហិតក្លិនមេរោគកូវីដ១៩ ហើរនៅលើខ្យល់ និងស្រង់ក្លិនមេរោគកូវីដ១៩ នៅក្រោមខ្យល់។ ឯកឧត្តមបញ្ជាក់ទៀតថា សុនខទាំងនេះ មានការហ្វឹកហ្វឺនករណីពិសេស ហិតក្លិនមេរោគកូវីដ១៩បំប្លែងថ្មី ក្រោមកិច្ចសហការជាមួយក្រសួងសុខាភិបាល ដើម្បីយកមេរោគកូវីដ១៩បំប្លែងថ្មី យកមកហ្វឹកហ្វឺនដល់សុនខទាំង នេះ ដែលជាដំណាក់កាលស្រាវជ្រាវនៅឡើយ ពុំទាន់មានគម្រោងដាក់សុនខទាំងនោះ ប្រើប្រាស់ហិតក្លិនមេរោគកូវីដ១៩ ជាសាធារណៈនៅឡើយទេ៕

    Share This Post: