ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ កំពុងរៀបចំស្រោមវិញ្ញាសា និងហឹបវិញ្ញាសាត្រៀមបញ្ជូនទៅតាមបណ្ដាខេត្ត

    BY Khmernote Media December 24, 2021
    ក្រសួងអប់រំ កំពុងរៀបចំស្រោមវិញ្ញាសា និងហឹបវិញ្ញាសាត្រៀមបញ្ជូនទៅតាមបណ្ដាខេត្ត

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១​ បានឲ្យដឹងថា គណៈមេប្រយោគទូទាំងប្រទេស និងប្រធានអប្បមាទទូទាំងប្រទេស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កំពុងមានភាពមមាញឹកក្នុងការរាប់ស្រោមវិញ្ញាសា និង រៀបចំហឹបវិញ្ញាសាត្រៀមសម្រាប់ដឹកជញ្ជូនទៅកាន់បណ្ដាខេត្តឆ្ងាយៗ ដែលត្រូវដឹកជញ្ជូនចេញទៅនៅព្រឹកថ្ងៃ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ។

    ការរាប់វិញ្ញាសា និងការរៀបចំដឹកជញ្ជូននេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពិនិត្យយ៉ាងហ្មត់ចត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ សូមជម្រាបថា បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ។

    ទន្ទឹមនោះផងដែរ ក្រសួងអប់រំ យុវជន និងកីឡា ខិតខំប្រឹងប្រែងក្នុងការអនុវត្តវិធានការនានា ព្រមទាំងដាក់ចេញសេចក្ដីណែនាំប្រតិបត្តិ ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: