ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប៖ គ្លីនិកឯកជន ពុំមានសិទ្ធិចេញប័ណ្ណលទ្ធផលធ្វើតេស្តកូវីដ-១៩ សម្រាប់ប្រើប្រាស់ចេញក្រៅប្រទេសនោះឡើយ

    BY Khmernote Media December 25, 2021
    រដ្ឋបាលខេត្តសៀមរាប៖ គ្លីនិកឯកជន ពុំមានសិទ្ធិចេញប័ណ្ណលទ្ធផលធ្វើតេស្តកូវីដ-១៩ សម្រាប់ប្រើប្រាស់ចេញក្រៅប្រទេសនោះឡើយ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំការងារមួយពាក់ព័ន្ធទៅនឹងសុវត្ថិភាពភ្ញៀវទេសចរមកទស្សនា និងស្នាក់នៅខេត្តសៀមរាប ធ្វើឡើងនៅសាលាខេត្ត នាព្រឹកថ្ងៃទី២៤ ខែធ្នូនេះ បានផ្តោតជាសំខាន់ទៅលើបាតុភាពខុសឆ្គងដែលកើតឡើងថ្មីៗនេះ គឺមានគ្លីនិកឯកជនខ្លះ នៅក្នុងក្រុងសៀមរាប បានចេញលិខិតបញ្ជាក់លទ្ធផលធ្វើតេស្តកូវីដ-១៩ ជូនភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាអង្គរ-សៀមរាប ដើម្បីប្រើប្រាស់នៅពេលត្រឡប់ទៅប្រទេសដើមរបស់ខ្លួនវិញ។ កិច្ចប្រជុំនេះ មានការចូលរួមដោយមន្រ្តីជំនាញពាក់ព័ន្ធ សំខាន់គឺវត្តមានម្ចាស់ ឬតំណាងម្ចាស់គ្លីនិកឯកជននៅក្នុងក្រុងសៀមរាប។

    អភិបាលរងខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ ទទួលបន្ទុកការងារទេសចរណ៍ បានបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំនោះថា៖ ក្រោយពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានទទួលស្វាគមន៍ជើងហោះហើរដឹកជញ្ជូនភ្ញៀវទេសចរមកទស្សនាអង្គរ-សៀមរាប មុននេះកន្លងមកប៉ុន្មានថ្ងៃ គឺនៅថ្ងៃទី១៧ ទី១៩ និងថ្ងៃទី២២ មានភ្ញៀវទេសចរបរទេសមួយចំនួនតូច ជួបប្រទះនឹងបញ្ហារាំងស្ទះ ពុំបានឡើងយន្តហោះ នៅពេលត្រឡប់ទៅប្រទេសគោលដៅរបស់ខ្លួនវិញ ដោយសារតែបណ្តាភ្ញៀវទេសចរទាំងនោះ កាន់ប័ណ្ណសំគាល់លទ្ធផលធ្វើតេស្តកូវីដ-១៩ មិនផ្លូវការ ដែលចេញបញ្ជាក់ដោយគ្លីនិកឯកជន។

    លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ច្បាស់ដែរថា៖ មកដល់ពេលនេះ ពុំទាន់មានលិខិតបញ្ជាក់ ឬសេចក្តីណែនាំណាមួយ ចេញពីក្រសួងសុខាភិបាល អនុញ្ញាតិឲ្យគ្លីនិកឯកជន មានសិទ្ធិអាចចេញលិខិតបញ្ជាក់ការធ្វើតេស្តកូវីដ-១៩ សម្រាប់ប្រើប្រាស់ធ្វើដំណើរចេញក្រៅប្រទេសនោះឡើយ បើទោះជាគ្លីនិកឯកជនទាំងនោះ មានសិទ្ធព្យាបាលជម្ងឺកូវីដ-១៩ អនុញ្ញាតិដោយក្រសួងសុខាភិបាលក៏ដោយ។ លោកបញ្ជាក់ថា៖ ជាផ្លូវការ រដ្ឋបាលខេត្តបានរៀបចំកំណត់រួចហើយ មណ្ឌលធ្វើតេស្តកូវីដ-១៩ ជូនអតិថិជនជាជនជាតិខ្មែរក្តីដែលមានតម្រូវការចេញក្រៅប្រទេស ឬសម្រាប់ភ្ញៀវបរទេសក្តី គឺនៅផ្លូវ៦០ ក្លឹបកីឡាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។

    វាមិនមែនជាបញ្ហាសាមញ្ញនោះទេ លិខិតបញ្ជាក់លទ្ធផលធ្វើតេស្តកូវីដ-១៩ សម្រាប់ការប្រើប្រាស់ធ្វើដំណើរឆ្លងប្រទេសនេះ។ នីតិវិធីស្តង់ដារប្រតិបត្តិវិធានសុវត្តិភាព SOP នៅកម្ពុជា គឺតម្រូវឲ្យភ្ញៀវមកពីបរទេសមានប័ណ្ណបញ្ជាក់លទ្ធផលតេស្តកូវីដ-១៩ PCR រយ:ពេល៧២ម៉ោងមុនមកដល់គោលដៅ។ យ៉ាងណាក៏ដោយ ភ្ញៀវបរទេសក៏ដូចជាភ្ញៀវខ្មែរដែរ ដែលត្រូវធ្វើដំណើរចេញពីកម្ពុជា ឬក៏ជាដំណើរវិលត្រឡប់របស់ភ្ញៀវ ក៏តម្រូវឲ្យមានការប្រើប័ណ្ណសម្គាល់នេះដូចគ្នា វិភាគដោយម៉ាស៊ីនតេស្ត PCR ក្នុងតម្លៃរយ:ពេល៧២ម៉ោងមុនទៅដល់គោលដៅ លើកលែងតែប្រទេសសឹង្ហបូរី មានតម្រូវការតម្លៃរយ:ពេល៤៨ម៉ោងប៉ុណ្ណោះ។

    លោក ក្រុស សារ៉ាត់ បញ្ជាក់ថា៖ ប័ណ្ណសម្គាល់លទ្ធផលតេស្តនេះ វាមានតម្លៃដ៏លើសលុប សម្រាប់ការចូលរួមបង្ការការឆ្លង និងចម្លងកូវីដ-១៩ ក្នុងតំបន់និងលើពិភពលោក តាមរយ:នៃការអនុវត្តនីតិវិធីស្តង់ដារប្រតិបត្តិវិធានសុវត្តិភាព SOP ហើយវាក៏ជាឥទ្ធិលពលនៃកិត្តិយសជាតិផងដែរ បើសិនជាកម្ពុជា អនុវត្តបានល្អ ផ្តល់ទំនុកចិត្តជូនភ្ញៀវទេសចរ ទាំងការមកដល់ និងការវិលត្រឡប់ទៅវិញ ប្រកបដោយសុវត្ថិភាពនោះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: