ក្រសួងអប់រំ៖ ថ្ងៃប្រឡងទី១ សកម្មភាពប្រមូលសំណៅឯកសារ និងសម្ភារហាមឃាត់យ៉ាងតឹងរឹង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា សម្រាប់ថ្ងៃទី១ នៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្រសួងអប់រំយុវជននិងកីឡាបានអះអាងថា មានការប្រមូលយកសំណៅឯកសារ និងសម្ភារហាមឃាត់យ៉ាងតឹងរឹង ហើយបើមានករណីរកឃើញនាំចូលខុសបទប្បញ្ញត្តិ បេក្ខជន និងធ្លាក់ដោយស្វ័យប្រវត្តិ។

យោងតាមការចេញផ្សាយ របស់ក្រសួងអប់រំបានលើកឡើងថា សកម្មភាពប្រមូលសំណៅឯកសារ និងសម្ភារហាមឃាត់ នាព្រឹកថ្ងៃទី១ គឺនៅថ្ងៃ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា តាមរយៈការប្រមូលយកសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារហាមឃាត់ផ្សេងៗ ពីបេក្ខជន ដោយគណៈកម្មការអនុរក្ស មន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ គ្មានករណីនាំយកសំណៅឯកសារ និងសម្ភារហាមឃាត់ឡើយ។
ក្រសួងបានលើកឡើងថា បេក្ខជនបានគោរពតាមការណែនាំរបស់គណៈមេប្រយោគ និងបទប្បញ្ញត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយពុំបាននាំចូលនូវសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារហាមឃាត់ផ្សេងៗឡើយ។ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិក គ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថាបានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។
បេក្ខជនទាំងអស់បានចូលក្នុងមណ្ឌលប្រឡង នៅគ្រប់រាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ។ សូមបញ្ជាក់ថា ចំពោះដំណើរការសំណេរនាព្រឹកនេះ មាន២មុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( ប្រវត្តិវិទ្យា និងជីវវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា)។
សូមរម្លឹកថា ក្នុងឆ្នាំសិក្សា២០២០-២០២១ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី ៦០ ៣៩៧នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពី វិទ្យាល័យអប់រំពិសេស។ ចំណែកមណ្ឌលសំណេរមានចំនួនសរុប ២០៤មណ្ឌល ត្រូវជា ៤ ៦១៦បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០មណ្ឌល នៅរាជធានីភ្នំពេញ៕







ប្រភព៖ ក្រសួងព័ត៌មាន