វ៉ាក់សាំង Pfizer ជាង ១.៥លានដូស ដែលជាជំនួយរបស់អូស្ត្រាលីបានដឹកមកដល់កម្ពុជាហើយកាលពីយប់មិញនេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ខណ:លោកជំទាវ និងតំណាងស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា អញ្ជើញទទួលការមកដល់នូវវ៉ាក់សាំងប្រភេទ Pfizer បង្ការជំងឺកូវីដ១៩ ចំនួន ១ ៥៦៧ ៥៣០ ដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋអូស្ត្រាលី ជើងទី២ ផ្តល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

គួរបញ្ជាក់ផងដែរថា ក្នុងពេលវ៉ាក់សាំងជើងទី១ ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ ខែធ្នូ កន្លងទៅនេះ ភារធារីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Andreas Zurbrugg បានថ្លែងថា អូស្ត្រាលី មានមោទនភាពក្នុងការគាំទ្រដល់ប្រទេសកម្ពុជា តាមរយៈការផ្តល់ជំនួយវ៉ាក់សាំងនេះ។ លោកភារធារីស្ថានទូតអូស្ត្រាលី បានឱ្យដឹងថា ក្រៅតែពីការផ្តល់ជំនួយវ៉ាក់សាំង ខ្លួនក៏បានផ្តល់ថវិកាប្រមាណ ២៨លានដុល្លារដល់កម្ពុជាផងដែរ ដើម្បីជួយបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល ព្រមទាំងផ្តល់ការគាំទ្រផ្នែកដឹកជញ្ជូន និងសម្ភារៈបរិក្ខារ៕
