រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងបើកឱ្យចរាចរស្ពានអាកាសចោមចៅថ្មីបន្ថែម១ទៀតជាបណ្ដោះអាសន្ន ចាប់ពីព្រឹកថ្ងៃនេះតទៅ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជនមេត្តាជ្រាបថា ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២ និងដើម្បីសម្រួលលំហូរចរាចរនៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅឱ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរស្ពានអាកាសថ្មីបន្ថែម១ទៀតជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៨៖០០នាទីព្រឹកតទៅ។

ស្ពានកំណោងថ្មីនេះ មានប្រវែង ២០០ម៉ែត្រ ទទឹង ៥,២៥ម៉ែត្រ ជាស្ពានឯកទិស ធ្វើចរាចរពីមហាវិថីចោមចៅឡើងស្ពានអាកាសកំណោង រួចបត់ឆ្វេងទៅភ្ជាប់ចរាចរឆ្ពោះទៅផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សេនជ័យ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ ការដ្ឋានសាងសង់សម្រេចបានលទ្ធផល៩២%គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមីនាឆ្នាំ២០២២ខាងមុខ ហើយមកដល់ពេលនេះ បានដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានអាកាស និងផ្លូវក្រោមដីបានចំនួន ៥ខ្សែ ក្នុងចំណោម៨ខ្សែ នៃគម្រោង។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងសហការចូលរួមគោរពច្បាប់ផ្លូវគោក ដោយសេចក្ដីអនុគ្រោះ ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ